(តូក្យូ)៖ ទីក្រុង ណាហ្កាសាគី (Nagasaki) របស់ប្រទេសជប៉ុន នាថ្ងៃអង្គារនេះ បានប្រារព្ធខួប៧៧ឆ្នាំ នៃព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកបរមាណូ របស់សហរដ្ឋអាមេរិក ដែលបានកើតឡើង កាលពីសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០២២។

កំលុងកម្មវិធីរំលឹកខួបនោះ គេសង្កេតឃើញមានវត្តមានក្រុមន្រ្តី និងឥស្សរជនមកពីប្រទេសជាង៨០ រួមជាមួយអ្នកដែលរួចរស់ជីវិត ពីហេតុការណ៍ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ព្រមទាំងសាច់ញាតិរបស់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត។ នៅម៉ោង១១៖០២នាទីព្រឹក ថ្ងៃអង្គារនេះ អ្នកចូលរួមទាំងអស់ បាននាំគ្នាឈរស្មិងស្មាធិ៍ ព្រោះវាជាពេលដែល យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-29 បានទម្លាក់គ្រាប់បែកបរមាណូឈ្មោះ Fat Man ទៅលើទីក្រុង Nagasaki កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ ហើយបណ្តាលឱ្យមនុស្សសរុបប្រហែល ៧៤,០០០នាក់ស្លាប់ គិតនៅត្រឹមចុងឆ្នាំនោះ។

គួរបញ្ជាក់ថា ការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុង Nagasaki គឺត្រូវបានធ្វើឡើង បន្ទាប់ពីការទម្លាក់គ្រាប់បែកបរមាណូ ១គ្រាប់ទៀតរបស់អាមេរិក ឈ្មោះ Little Boy ទៅលើទីក្រុង ហ៉ីរ៉ូស៉ីម៉ា (Hiroshima) នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥។ ការប្រើប្រាស់គ្រាប់បែកបរមាណូទាំង២លើកនេះ គឺជាមធ្យោបាយដើម្បីពន្លឿនការបិទបញ្ចប់សង្រ្គាមលោកលើកទី២ តាមរយៈការបង្ខំឱ្យជប៉ុនយល់ព្រមចុះចាញ់សង្រ្គាម។ សរុបមកវិញ ការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki និងទីក្រុង Hiroshima បានផ្តាច់ជីវិតមនុស្សសរុបជាង ២០០,០០០នាក់ ដោយរាប់បញ្ចូលទាំងអ្នកស្លាប់ភ្លាមៗ និងអ្នកស្លាប់ដោយសារ ផលប៉ះពាល់ពីសារធាតុវិទ្យុសកម្ម៕