(សេអ៊ូល)៖ រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសកូរ៉េខាងត្បូង លោកស្រី ផាក ស៊ូនអេ (Park Soon-ae) បានស្នើសុំលាលែងពីតំណែង នៅថ្ងៃចន្ទនេះ ដែលមានរយៈពេលត្រឹមតែ៣៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកស្រីចូលកាន់តំណែង ចំពេលមានការរិះគន់ថា លោកស្រីបានអនុវត្តខុស ចំពោះសំណើគោលនយោបាយសំខាន់ៗរបស់សាលារៀន ដូចជាការបន្ថយអាយុចូលរៀន នៅសាលាបឋមសិក្សាជាដើម។ នេះបើយោងតាមការចុះផ្សាយទីភ្នាក់សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ (Yonhap) នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។

លោកស្រី ផាក បានរងសម្ពាធឲ្យចុះចេញពីតំណែង បន្ទាប់ពីគ្រូបង្រៀន និងឪពុកម្តាយជាច្រើន នាំគ្នាតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹង ការបន្ថយអាយុចូលរៀនថ្នាក់ដំបូង មកនៅត្រឹម៥ឆ្នាំ។ លោកស្រីរងការរិះគន់ថា បានប្រកាសសំណើនេះ ដោយគ្មានការរៀបចំត្រឹមត្រូវ ដូចជាការប្រមូលមតិពីសាធារណៈជនជាដើម។ រីឯក្រសួងអប់រំកូរ៉េខាងត្បូង ក៏បានបង្ហាញពីផែនការលុបបំបាត់វិទ្យាល័យភាសាបរទេស តែក្រោយមកក៏បានដកចេញវិញ គឺប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកាស។

ប្រសិនបើប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) ទទួលយកការលាលែងនេះមែននោះ លោកស្រី ផាក នឹងក្លាយជារដ្ឋមន្ត្រីដំបូងគេ ដែលចុះចេញពីតំណែងចាប់តាំងពី Yoon ចូលកាន់តំណែង កាលខែឧសភា។

គួរបញ្ជាក់ថា លោកស្រី Park បានចូលកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូង កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ហើយទន្ទឹមគ្នាលោកស្រី ក៏មានតួនាទីជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសង្គមផងដែរ៕