(តែលអាវីវ)៖ យោធាអ៉ីស្រាអែលនៅថ្ងៃអាទិត្យនេះ បានអះអាងថា ប្រព័ន្ធបាញ់ស្ទាក់មីស៉ីល អាយរ៉ុន ដូម (Iron Dome) បានបាញ់ទម្លាក់គ្រាប់រ៉ុក្កែត ៩៧ភាគរយ ដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានផ្លោងចេញមកពីតំបន់ហ្កាហ្សា (Gaza) កំលុងការប្រយុទ្ធគ្នានាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២។

ដោយដាក់ដំណើរការដំបូង កាលពីឆ្នាំ២០១១ ប្រព័ន្ធមីស៉ីលការពារដែនអាកាស Iron Dome ត្រូវបានវាយតម្លៃដោយ ក្រុមមន្រ្តីការពារជាតិអ៉ីស្រាអែលនិងអាមេរិកថា មានប្រសិទ្ធិភាពខ្ទង់ ៨៥ភាគរយ ក្នុងការបាញ់មីស៉ីលទៅស្ទាក់ គ្រាប់រ៉ុក្កែតនិងអាវុធរយៈចម្ងាយខ្លីដទៃទៀត នៅលើផ្ទៃអាកាស។ ក្រោយមក កម្រិតប្រសិទ្ធភាពនោះបានកើនដល់ ៩០ភាគរយ កំលុងការផ្ទុះសង្រ្គាម Gaza ឆ្នាំ២០១២។

ប្រព័ន្ធ Iron Dome ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនរដ្ឋ Rafael Advanced Defense Systems របស់អ៉ីស្រាអែលផ្ទាល់ ក្រោមការជួយគាំទ្រពីក្រុមហ៊ុនអាមេរិក Raytheon។ វាត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយថ្លៃចំណាយ លើមីស៉ីលសម្រាប់បាញ់ស្ទាក់ តាមរយៈការកំណត់គោលដៅ បាញ់ទម្លាក់តែគ្រាប់រ៉ុក្កែតណា ដែលហោះលើគន្លងឆ្ពោះមកកាន់ តំបន់មានប្រជាជនរស់នៅច្រើនប៉ុណ្ណោះ។

អ្នកនាំពាក្យម្នាក់របស់យោធាអ៉ីស្រាអែល បាននិយាយថា គិតមកទល់ព្រឹកថ្ងៃអាទិត្យនេះ ប្រព័ន្ធ Iron Dome បាញ់ស្ទាក់បាន ៩៧ភាគរយ នៃគ្រាប់រ៉ុក្កែតដែលមានគន្លងហោះហើរបែបនោះ កំលុងការប្រយុទ្ធគ្នាជាមួយ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅ Gaza ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍នេះមក។

គួរបញ្ជាក់ថា យោងតាមអ្នកនាំពាក្យដដែល គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់គ្រាប់រ៉ុក្កែតសរុបប្រហែល ៥៨០គ្រាប់ ដោយក្នុងចំណោមនោះខ្ទង់ ២០ភាគរយ បានធ្លាក់នៅក្នុងបរិវេណតំបន់ Gaza ផ្ទាល់ ខណៈ៨០ភាគរយទៀត ហោះបានឆ្ងាយមកដល់ជាយក្រុងតែលវីវ និងហ្សេរុយសាឡឹម៕