(វៀងចន្ទន៍)៖ ការធ្លាក់ភ្លៀងខ្លាំងយ៉ាងជោគជាំ ចាប់ពីតាំងពីយប់ថ្ងៃសៅរ៍ ដល់វេលារំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យនេះ បានបន្សល់ទុកឱ្យផ្នែកមួយចំនួន នៃរដ្ឋធានីវៀងចន្ទន៍របស់ប្រទេសឡាវ ស្ថិតនៅក្រោមការជន់លិច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Laotian Times នៅថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២។

នៅតាមភូមិមួយចំនួន មានទឹកលិចដល់ត្រឹមៗចង្កេះ ខណៈផ្ទះសម្បែងជាច្រើនខ្នង ត្រូវទឹកជន់ហូរចូលពាសពេញ។ រីឯផ្លូវថ្នល់ធំៗនៅតំបន់ខ្លះ ក៏បានប្រែក្លាយទៅប្រៀបដូចជាដងទន្លេ ជាហេតុមិនអាចឱ្យ យានជំនិះធ្វើដំណើរឆ្លងកាត់បានផងដែរ។ ម៉្យាងវិញទៀត ប្រជាពលរដ្ឋខ្លះបានអះអាងថា ពួកខ្លួនមិនអាចចេញឬក៏ចូលលំនៅឋានបាននោះទេ ខណៈរថយន្តមួយចំនួន ត្រូវជាប់គាំងនៅកណ្តាលផ្លូវតែម្តង ដោយសារតែទឹកជន់ឡើងរហ័សខ្លាំងពេក។

ជាមួយគ្នានេះ សហគមន៍នៅតាមតំបន់ដែលរងគ្រោះពីទឹកជំនន់ បានប្រាប់ថា ពួកគេមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីរៀបចំភៀសខ្លួន ឬក៏ដកខ្សែឧបករណ៍អេឡិចត្រូនិចផ្សេងៗឡើយ ដោយសារតែការកើនឡើងយ៉ាងលឿននៃកម្ពស់ទឹក។ ដោយឡែក ទោះប្រឈមនឹងស្ថានភាពយ៉ាងដូច្នេះក៏ដោយ គេឃើញប្រជាជនឡាវខ្លះ បានប្រើឱកាសនេះ យកសំណាញ់ទៅចាប់ត្រី៕