(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រពេញទំហឹងចំពោះ ការប្រើប្រាស់សិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល ហើយបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ ចៀសវាងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ខ្លាំងថែមទៀត ខណៈដែលខាងអ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាស លើតំបន់ ហ្កាហ្សា (Gaza) ហើយក្រុមសកម្មប្រយុទ្ធនៅតំបន់នេះ បានបាញ់ផ្លោងមីស៉ីលចូលទៅកាន់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២។

ក្រសួងការបរទេសអាមេរិក ក៏បានបង្ហាញពីក្តីបារម្ភផងដែរ ក្រោយមើលឃើញ សេចក្តីរាយការណ៍អំពីការបាត់បង់ជីវិតជនស៉ីវិល ហើយបានស្នើឱ្យមាន ការស៉ើបអង្កេតទាន់ពេលវេលា និងហ្មត់ចត់ ជុំវិញករណីមនុស្សស្លាប់ទាំងនោះ។ យោងតាមក្រសួងសុខាភិបាល នៃតំបន់ហ្កាហ្សា ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ២៤នាក់ ក្នុងនោះមានកុមារ៦នាក់ បានស្លាប់ និង២០៣នាក់ទៀត បានរងរបួស កំលុងការប្រយុទ្ធគ្នារយៈពេល ២ថ្ងៃកន្លងមកនេះ។

ដោយឡែក បើតាមសេវាកម្មសង្រ្គោះបន្ទាន់របស់អ៉ីស្រាអែលវិញ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបាញ់ស្រោច គ្រាប់រ៉ុក្កែតសរុបជាង ៤០០គ្រាប់ សំដៅទៅលើអ៉ីស្រាអែល ប៉ុន្តែភាគច្រើននៃរ៉ុក្កែតទាំងនោះ ត្រូវបានបាញ់ស្ទាក់ទាន់ពេល ហើយពុំមានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ ឬរបួសធ្ងន់ធ្ងរឡើយ។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសអាមេរិក ទីក្រុងវ៉ាស៉ីនតោនក៏កំពុងស្ថិតក្រោមការទាក់ទងជាប់ផងដែរ ជាមួយក្រុមមន្រ្តីអ៉ីស្រាអែល និងអ្នកពាក់ព័ន្ធដទៃទៀតនៅក្នុងតំបន់ ដើម្បីទប់ស្កាត់កុំឱ្យភាពតានតឹង កាន់តែកើនឡើងកម្តៅខ្លាំងជាងនេះ៕