(ដាកា)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស់ ហ្គ្រីនហ្វៀល (Linda Thomas-Greenfield) នៅថ្ងៃសុក្រសប្ដាហ៍នេះ បាននិយាយថាសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន នឹងធ្វើឱ្យមនុស្ស ៤០លាននាក់ជួបគ្រោះទុរ្ភិក្ស ហើយតំបន់អាហ្វ្រិកនឹងរងផលប៉ះពាល់ខ្លាំងជាងគេ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០២២។

បើតាមលោកស្រី ហ្គ្រីនហ្វៀល សហរដ្ឋអាមេរិក រៃអង្គាសប្រាក់បាន ៤.៥ពាន់លានដុល្លារសម្រាប់សន្តិសុខស្បៀងអាហារ នៅឯកិច្ចប្រជុំ G7 ហើយក្នុង ចំណោមថវិកាទាំងនេះមានការចូលរួមចំណែកពីសហរដ្ឋអាមេរិកជាង ២.៧៦ពាន់លានដុល្លារ។ លោកស្រី បន្ថែមថាសហរដ្ឋអាមេរិកក៏មានផែនការផ្ដល់ ជំនួយមនុស្សធម៌បន្ថែម ១៥០លានដុល្លារផងដែរដល់តំបន់អាហ្វ្រិក ដោយរង់ចាំតែការអនុម័តពីសភាប៉ុណ្ណោះ។

គួរបញ្ជាក់ថា រដ្ឋាភិបាលភាគច្រើនក្នុងតំបន់អាហ្វ្រិក មិនបានចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិចក្នុងការថ្កោលទោសសង្រ្គាមរបស់រុស្ស៉ី នៅអ៊ុយក្រែន ឡើយដោយពួកគេសម្រេចចិត្តមិនឈរនៅខាងភាគីណាមួយ។ ជុំវិញជំហរនេះដែរ លោកស្រី ហ្រ្គីនហ្វៀល បានលើកឡើងថាលោកស្រីយល់ ថាអាហ្វ្រិក មិនចង់ស្ថិតនៅក្រោមសម្ពាធត្រូវបង្ខំចិត្តជ្រើសរើសភាគីណាមួយដូចក្នុងសម័យសង្រ្គាមទេ ប៉ុន្តែអាហ្វ្រិកគួរតែយល់ពីការពិតដែលរុស្ស៉ីជាអ្នកបង្ក សង្រ្គាមឡើង៕