(តៃប៉ិ)៖ តៃវ៉ាន់ នៅថ្ងៃសុក្រនេះបានប្រកាសថ្កោលទោស ការបាញ់មីស៉ីលរបស់ប្រទេសចិន ក្នុងសមយុទ្ធធោរបស់ខ្លួន ដែលត្រូវបានរាយការណ៍ថា គ្រាប់មីស៉ីលបានហោះពីលើកោះតៃវ៉ាន់ និង ៥គ្រាប់ធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុខ របស់ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២។

បើតាមក្រសួងការពារជាតិតៃវ៉ាន់, មីស៉ីលទាំងនោះបានហោះនៅលើរយៈកម្ពស់ខ្ពស់ ហើយមិនមានសញ្ញាគំរាមកំហែងណាមួយឡើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានអំពីទីតាំងលម្អិតនៃគ្រាប់មីស៉ីល ដែលបានត្រូវបានបាញ់ផ្លោងនោះទេ ដោយលើកឡើងពីការព្រួយបារម្ភអំពីព័ត៌មានសម្ងាត់។ នាយករដ្ឋមន្រ្តីតៃវ៉ាន់ ស៊ូ សេងចាង (Su Tseng-chang) បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុងតៃប៉ិ ឲ្យដឹងថា រដ្ឋបាលតៃវ៉ាន់សូមថ្កោលទោសចំពោះសកម្មភាពនេះ។

គួរបញ្ជាក់ថា ក្រសួងការពារជាតិចិនបានប្រកាសថា សមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងបន្តរហូតដល់ពាក់កណ្តាលអាធ្រាត ថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២៕