(ប៉េកាំង)៖ ថ្ងៃទី២ ខែសីហា លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក បានទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិន ដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងក្លា និងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីប្រកាសរួមទាំង៣ រវាងចិននិងអាមេរិក បានវាយប្រហារយ៉ាងធ្ងន់ធ្ងរចំពោះ មូលដ្ឋាននយោបាយនៃទំនាក់ទំនង រវាងចិននិងអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន បានបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរដល់ កម្លាំងអបគមន៍ដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ព្រមទាំងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងបានលើកឡើងការតវ៉ានិងការប្រឆាំងយ៉ាងខ្លាំងក្លា ចំពោះភាគីអាមេរិក។

នៅលើពិភពលោកនេះ មានប្រទេសចិនតែមួយប៉ុណ្ណោះ តៃវ៉ាន់ជាចំណែកមួយរបស់ទឹកដីចិន ដែលមិនអាចបំបែកបាន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជា រដ្ឋាភិបាលស្របច្បាប់តែមួយគត់ ដែលតំណាងឱ្យប្រទេសចិន។ សេចក្តីសម្រេចចិត្តលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៧១ បានទទួលស្គាល់ចំពោះការនេះ។ បន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនកាលីឆ្នាំ១៩៤៩ មក ប្រទេសចំនួន១៨១ បានបង្កើតទំនាក់ទំនងការទូតជាមួយ ប្រទេសចិនដោយឈរលើ មូលដ្ឋានគោលការណ៍ប្រទេសចិនតែមួយ។ គោលការណ៍ប្រទេសចិនមួយ ជាគំនិតឯកភាពរួមនៃសហគមន៍អន្តរជាតិ និងជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។

កាលពីឆ្នាំ១៩៧៩ ភាគីអាមេរិកបានសន្យាយ៉ាងជាក់លាក់ ក្នុងសេចក្តីថ្លែងការណ៍រួមនៃការបង្កើត ទំនាក់ទំនងការទូតរវាងចិននិងអាមេរិកថា «សហរដ្ឋអាមេរិកទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន។ ហេតុនេះ ប្រជាជនអាមេរិកអាចរក្សាទំនាក់ទំនងផ្នែកវប្បធម៌ ពាណិជ្ជកម្ម និងទំនាក់ទំនងក្រៅផ្លូវការផ្សេងទៀតជាមួយប្រជាជនតំបន់តៃវ៉ាន់»។ ក្នុងនាមជាផ្នែកមួយនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋសភាសហរដ្ឋអាមេរិកគួរតែគោរពយ៉ាងម៉ឺងម៉ាត់ចំពោះ គោលនយោបាយចិនតែមួយរបស់រដ្ឋាភិបាលអាមេរិក ដោយមិនធ្វើការផ្លាស់ប្តូរផ្លូវការជាមួយ និងតំបន់តៃវ៉ាន់របស់ចិនឡើយ។ កន្លងមក ប្រទេសចិនតែងតែប្រឆាំងជានិច្ចនឹង ការធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់សមាជិករដ្ឋសភាអាមេរិក ហើយរដ្ឋបាលអាមេរិកមានទំនួលខុសត្រូវ ក្នុងការទប់ស្កាត់ករណីបែបនេះ។

លោកស្រី Pelosi គឺជាមេដឹកនាំបច្ចុប្បន្ននៃរដ្ឋសភាសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចរបស់លោកស្រីនៅតំបន់តៃវ៉ាន់ ក្នុងទម្រង់ណាមួយនិងក្រោមហេតុផលណាមួយក្តី សុទ្ធតែជាការបង្កហេតុនយោបាយដ៏ធំមួយ ដែលលើកកម្ពស់ការផ្លាស់ប្តូរផ្លូវការ រវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់។ ប្រទេសចិនមិនទទួលយកជាដាច់ខាត ហើយប្រជាជនចិន ក៏មិនយល់ព្រមជាដាច់ខាតផងដែរ។ បញ្ហាតៃវ៉ាន់ជាបញ្ហាស្នូល សំខាន់បំផុត និងរសើបបំផុតក្នុងទំនាក់ទំនងចិន-អាមេរិក។ នាពេលបច្ចុប្បន្ននេះ ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កំពុងប្រឈមមុខនឹងភាពតានតឹងថ្មី និងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ។ មូលហេតុចម្បងគឺដោយសារអាជ្ញាធរតៃវ៉ាន់ និងសហរដ្ឋអាមេរិកតែងតែព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន។

អាជ្ញាធរតៃវ៉ាន់តែងតែ «ពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ» បានបដិសេធទទួលស្គាល់ «គំនិតឯកភាពរួមឆ្នាំ ១៩៩២» អនុវត្ត «ការលុបចោលប្រទេសចិនក្នុងតំបន់តៃវ៉ាន់» និងធ្វើសកម្មភាពជំរុញ «ឯករាជ្យភាពនៃតៃវ៉ាន់បន្តិចម្តងៗ»។ ចំណែកឯភាគីអាមេរិកកំពុងព្យាយាមប៉ុនប៉ង «ប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន» និងបំភ្លៃគោលការណ៍ចិនតែមួយជាបន្តបន្ទាប់ ពង្រឹងការផ្លាស់ប្តូរផ្លូវការរវាងសហរដ្ឋអាមេរិក និងតំបន់តៃវ៉ាន់ និងគាំទ្រសកម្មភាពរបស់ពួកអបគមន៍និយម ដែលប៉ុនប៉ងចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យ។ វាប្រៀបដូចជាការប្រលែងលេងជាមួយភ្លើងដ៏គ្រោះថ្នាក់ ដែលប្រាកដជានឹងត្រូវឆេះរោលខ្លួនឯងជាមិនខាន។

គោលជំហររបស់រដ្ឋាភិបាលចិន និងប្រជាជនចិនលើបញ្ហាតៃវ៉ាន់គឺមិនកែប្រែរហូតមក។ ការគាំពារយ៉ាងម៉ឺងម៉ាត់ ចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី គឺជាឆន្ទៈដ៏មុតមាំរបស់ប្រជាជនចិនជាង ១,៤ពាន់លាននាក់ ហើយការសម្រេចបាន នូវការបង្រួបបង្រួមជាតិទាំងស្រុង គឺជាក្តីប្រាថ្នារួម និងជាកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ជនជាតិចិនទាំងអស់។
មតិសាធារណៈមិនអាចបំពានបានទេ ហើយក៏មិនអាចដើរតាមទិសដៅផ្ទុយពីនិន្នាការទូទៅដែរ។ មិនថាប្រទេសណាមួយ កម្លាំងណាមួយ ឬបុគ្គលណាម្នាក់ សុទ្ធតែមិនត្រូវមើលស្រាលលើការប្តេជ្ញាចិត្តដ៏មុតមាំ ឆន្ទៈដ៏ម៉ឺងម៉ាត់ និងសមត្ថភាពដ៏ខ្លាំងក្លារបស់រដ្ឋាភិបាល និងប្រជាជនចិនក្នុងការគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការសម្រេចបាននូវការបង្រួបបង្រួមជាតិ និងការស្តារភាពរុងរឿងរបស់ប្រជាជាតិចិននោះឡើង។ ជុំវិញករណីដែលប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ប្រទេសចិនប្រាកដជាចាត់ នូវរាល់វិធានការចាំបាច់ទាំងអស់ ដើម្បីគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ ផលវិបាកទាំងអស់ដែលបណ្តាលមកពីរឿងនេះ គឺចាំបាច់ត្រូវតែទទួលខុសត្រូវដោយភាគីសហរដ្ឋអាមេរិក និងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។វិធីរាប់អានគ្នាដ៏ត្រឹមត្រូវសម្រាប់ប្រទេសចិននិងអាមេរិក ដែលជាប្រទេសធំទាំងពីរគឺការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិភាព ជៀសវាងការប្រឈមមុខដាក់គ្នា ហើយត្រូវធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ បញ្ហាតៃវ៉ាន់គឺជា កិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន គ្មានប្រទេសណាមានសិទ្ធិធ្វើជា ចៅក្រមមកកាត់ក្តីបញ្ហាតៃវ៉ាន់នោះឡើយ។ ប្រទេសចិនដាស់តឿនយ៉ាងម៉ឺងម៉ាត់ ឱ្យភាគីអាមេរិកឈប់លេង «សន្លឹកបៀតៃវ៉ាន់» ដែល «ប្រើតៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន» បញ្ឈប់លូកដៃក្នុងកិច្ចការតៃវ៉ាន់និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន បញ្ឈប់ការគាំទ្រនិងបណ្តែតបណ្តោយឱ្យ កម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យ ឈប់និយាយផ្សេងតែធ្វើផ្សឹងលើបញ្ហាតៃវ៉ាន់ បញ្ឈប់ការមួលបង្កាច់និងធ្វើឱ្យស្រពេចស្រពិល ខ្លឹមសារនៃគោលការណ៍ចិនតែមួយ ត្រូវអនុវត្តយ៉ាងប្រាកដប្រជានូវគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីថ្លែងការណ៍រួមទាំងបី រវាងចិននិងអាមេរិក ហើយអនុវត្តជាក់ស្តែងនូវពាក្យសន្យា ដែលធ្វើឡើងដោយមេដឹកនាំអាមេរិកស្តីពី ការមិនស្វែងរក «សង្រ្គាមត្រជាក់ថ្មី» មិនស្វែងរកការផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងរបស់ចិន មិនស្វែងរកការពង្រឹងសម្ព័ន្ធភាពប្រឆាំងនឹងប្រទេសចិន មិនគាំទ្រកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងមិនមានចេតនាប្រឈមមុខដាក់គ្នាជាមួយប្រទេសចិន ហើយកុំបន្តដើរតាមផ្លូវខុសនិងមានគ្រោះថ្នាក់ទៀត៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន