(ប៉េកាំង)៖ សមយុទ្ធយោធារបស់ចិន ព័ទ្ធជុំវិញកោះតៃវ៉ាន់ បានចាប់ផ្តើមហើយនៅវេលាម៉ោង ១២ថ្ងៃត្រង់នេះ (ពេលវេលានៅប៉េកាំង)។ នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយចិន CCTV នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា ឆ្នាំ២០២២។

ទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា ចាប់ពីម៉ោង ១២ថ្ងៃត្រង់នេះ ដល់ម៉ោង ១២អាធ្រាត ថ្ងៃទី៧ ខែសីហា កងទ័ពរំដោះប្រជាជនចិន (PLA) នឹងធ្វើលំហាត់ហ្វឹកហ្វឺន យោធាដ៏សំខាន់មួយ ក្នុងនោះរួមមទាំងសមយុទ្ធបាញ់គ្រាប់ពិត។ ក្នុងកំលុងសមយុទ្ធប្រយុទ្ធជាក់ស្តែងនេះ តំបន់សំខាន់ៗចំនួន៦ នៅជុំវិញកោះត្រូវបានជ្រើសរើស ហើយក្នុងអំឡុងពេលនេះ នាវា និងយន្តហោះស៊ីវិលទាំងអស់ ត្រូវបានព្រមានកុំឱ្យចូលទៅក្បែរតំបន់ដែនទឹក និងដែនអាកាសនៃច្រកសមុទ្រតៃវ៉ាន់។

តំបន់ដែលបានកំណត់អត្តសញ្ញាណចំនួន៦ នៅជុំវិញកោះនេះ ក៏មានមួយចំនួនក៏នៅជិតកំពង់ផែសំខាន់ៗផងដែរ ខណៈអាជ្ញាធរតៃវ៉ាន់បានចោទប្រកាន់កងទ័ព រំដោះប្រជាជនជចិន (PLA) ថាបានធ្វើការបិទផ្លូវឆ្លងកាត់អន្តរជាតិ។

គួរបញ្ជាក់ថា ខណៈទីក្រុងប៉េកាំង បានបញ្ជាក់ពីការចាប់ផ្តើមសមយុទ្ធយោធារបស់ខ្លួន តៃវ៉ាន់បាននិយាយថា ខ្លួននឹងពង្រឹងសមត្ថភាពការពារខ្លួន និងសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសដែលជាមិត្តដទៃទៀត៕