(តៃប៉ិ)៖ តៃវ៉ាន់បានប្ដេជ្ញានៅថ្ងៃពុធនេះ ពង្រឹងសន្តិសុខប្រឆាំងនឹងការរំខានដែលអាចកើតមានដោយ «កងកម្លាំងខាងក្រៅ» រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត ខណៈដែលភាពតានតឹងជាមួយប្រទេសចិនកើនឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះស្វ័យគ្រប់គ្រងមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២។

ប្រទេសចិនបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ២៥ឆ្នាំទៅកាន់កោះមួយនេះ។ ចិនបានប្រកាសបើកប្រតិបត្តិការយោធានៅក្នុងដែនទឹកជុំវិញកោះ និងបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំងមកសួរនាំ ព្រមទាំងបានបញ្ឈប់ការនាំចូលកសិកម្មជាច្រើនពីតៃវ៉ាន់ទៀតផង។

អ្នកនាំពាក្យការិយាល័យរដ្ឋបាលតៃវ៉ាន់ លោក Lo Bingcheng បានប្រាប់សារព័ត៌មានខ្លីមួយថា អាជ្ញាធរបានបង្កើនវិធានការសន្តិសុខសម្រាប់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងរោងចក្រថាមពល និងអាកាសយានដ្ឋាន ព្រមទាំងបានបង្កើនកម្រិតនៃការប្រុងប្រយ័ត្នសុវត្ថិភាពតាមអ៊ីនធឺណិតផងដែរ។

លោក Lo បាននិយាយថា នៅក្នុងប៉ុន្មានថ្ងៃខាងមុខតៃវ៉ាន់អាចនឹងក្លាយជាគោលដៅ នៃការកើនឡើង «សង្រ្គាមចិត្តសាស្ត្រ» តួយ៉ាងដូចជាការចែកចាយព័ត៌មានមិនពិត ដើម្បីបំភាន់មតិសាធារណៈជាដើម៕