(ឌូបៃ)៖ ប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម (UAE) ព្រះអង្គម្ចាស់ ម៉ូហាមេដ ប៊ីន ហ្សាយីដ អាល់ ណាយ៉ាន (Mohamed bin Zayed Al Nahyan) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសពីការសម្រេចជ្រើសរើស លោក ស៊ូលតាន់ អាល់ ណេយ៉ាឌី (Sultan Al Neyadi) ជាអវកាសយានិកទី២ របស់ប្រទេសអារ៉ាប់មួយនេះ ដែលនឹងត្រូវធ្វើដំណើរឡើងទៅកាន់ទីអវកាស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

មជ្ឈមណ្ឌលអវកាស MBRSC របស់អេមីរ៉ាត់អារ៉ាប់រួម បានឱ្យដឹងថា លោក អាល់ ណេយ៉ាឌី នឹងធ្វើដំណើរទៅកាន់ ស្ថានីយអវកាសអន្តរជាតិ ISS ក្នុងបេសកកម្មមួយ ដែលមានរយៈពេល៦ខែ។ បេសកកម្មនោះនឹងចេញដំណើរ នៅកំលុងរដូវផ្ការីក ឆ្នាំ២០២៣។ កាលពីមុន លោកធ្លាប់បម្រើជា អវកាសយានិកបម្រុង សម្រាប់អវកាសយានិកអេមីរ៉ាត់អារ៉ាប់រួមដំបូងបំផុត ដែលបានឡើងទៅកាន់ស្ថានីយ ISS នៅឆ្នាំ២០១៩ គឺលោក អាសហ្សា អាល់ ម៉ាន់ស៊ូរី (Hazza Al Mansouri)។

គួរបញ្ជាក់ថា លោក អាល់ ណេយ៉ាឌី បានសិក្សាអំពីប្រព័ន្ធយានអវកាសរុស្ស៉ី សូយូស (Soyuz) ហើយលោកក៏បានពង្រឹងចំណេះដឹង និងជំនាញរបស់លោក ពាក់ព័ន្ធការធ្វើដំណើរក្នុងលំហអវកាស នៅឯទីភ្នាក់ងារអវកាសអាមេរិក NASA ផងដែរ។ ជាងនេះទៅទៀត លោក អាល់ ណេយ៉ាឌី ថែមទាំងបានហ្វឹកហាត់លើ ការចេញបណ្តែតខ្លួនក្នុងទីអវកាស (spacewalk), ការប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រក្នុងយានអវកាស ព្រមទាំងសកម្មភាពការងារជាច្រើនផ្សេងទៀត ដែលចាំបាច់នៅលើស្ថានីយ ISS៕