(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះបានឱ្យដឹងថាខ្លួនបានត្រៀមជម្រើសទាំងអស់ដាក់នៅលើតុរួចជាស្រេច ខណៈកំពុងពិចារណា ចាត់វិធានការឆ្លើយតបបន្ថែម បន្ទាប់ពីរបបយោធាមីយ៉ាន់ម៉ា ប្រហារជីវិតសកម្មជនប្រជាជនធិបតេយ្យចំនួន ៤នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងនៅឯសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយ (Ned Price) ក៏បានអំពាវនាវផងដែរឱ្យបណ្ដា ប្រទេសទាំងអស់ហាមឃាត់លក់អាវុធ ឬបរិក្ខារយោធាឱ្យរបបយោធាមីយ៉ាន់ម៉ា និងបញ្ជៀសនូវរាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យមានការទទួល ស្គាល់របបយោធាសព្វថ្ងៃនៅលើឆាកអន្តរជាតិ។

ដោយឡែក នៅពេលត្រូវបានសាកសួរថាតើរដ្ឋបាលលោក បៃដិន កំពុងពិចារណាដាក់ទណ្ឌកម្មលើឧស្សាហកម្មឧស្ម័នរបបយោធាមីយ៉ាន់ម៉ា ដែរឬទេ លោក ណេត ប្រាយ បានបញ្ជាក់យ៉ាងខ្លីថា វិធានការទំាងនោះកំពុងស្ថិតនៅក្រោមការពិភាក្សា ហើយជម្រើសទាំងអស់ត្រៀមនៅលើតុរួចជាស្រេច។ បន្ថែមពីលើនេះ លោកក៏បានបញ្ជាក់ដែរថាសព្វថ្ងៃគ្មានប្រទេសណាផ្សេង ដែលអាចដាក់សម្ពាធលើមីយ៉ាន់ម៉ា ក្រៅតែពីចិននោះឡើយ និងទទូចកុំឱ្យអាស៊ានអនុញ្ញាតឱ្យអ្នកតំណាងយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ជាដាច់ខាត។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ របបយោធាមីយ៉ាន់ម៉ា បានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ៤នាក់ ក្រោមបទចោទប្រកាន់ថាធ្វើសកម្មភាពភេរវកម្ម ដោយនាំឱ្យអន្តរជាតិថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើដ៏ព្រៃផ្សៃនេះ៕