(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញការគាំទ្ររបស់លោកចំពោះប្រធានាធិបតីថ្មីនៃប្រទេសស្រីលង្កា ខណៈប្រទេសដែនកោះក្នុង មហាសមុទ្រឥណ្ឌាមួយនេះកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏អាក្រក់បំផុតមិនធ្លាប់ ក្នុងពេលរាប់ទសវត្សរ៍មកនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២។

លោក រ៉ានីល វីគ្រីមេស៉ីងហ្កេ (Ranil Wickremesinghe) ដែលធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាចំនួន៦លើក បានស្បថចូលកាន់តំណែងជា ប្រធានាធិបតីថ្មីជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ទោះបីជាមានការជំទាស់ពីក្រុមបាតុករ។ យ៉ាងណាក៏ដោយ បើតាមទូរទស្សន៍រដ្ឋចិន CCTV នៅក្នុងសារ របស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បាននិយាយថាលោកជឿជាក់ថាស្រីលង្កា អាចនឹងមានលទ្ធភាពងើបចេញពីវិបត្តិសេដ្ឋកិច្ច និងសង្គម ហើយថា រូបលោកផ្ទាល់ត្រៀមខ្លួនជាស្រេច ដើម្បីផ្ដល់ការគាំទ្រ និងជំនួយតាមដែលអាចធ្វើបានទៅដល់លោក Wickremesinghe និងប្រជាជនស្រីលង្កានៅក្នុង កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ស្រីលង្កា ត្រូវបានគេរាយការណ៍ថាបានជំពាក់បំណុលចិនជាង ៥ពាន់លានដុល្លារ ជំពាក់ឥណ្ឌា ៣.៨ពាន់លានដុល្លារ ហើយជប៉ុនក៏បានឱ្យខ្ចី ៣.៥ពាន់លានដុល្លារផងដែរ ខណៈជាង ១ពាន់លានដុល្លារទៀតជំពាក់បណ្ដាប្រទេសអ្នកមានមួយចំនួន៕