(មីនស្កិ៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានទទួលស្គាល់ថាលោកពិតជាដឹកនាំប្រទេស តាមបែបផ្ដាច់ការពិតមែន ប៉ុន្តែអះអាងថាមិនមានអ្នកទោសនយោបាយនៅក្នុងប្រទេសរបស់លោកឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០២២។

លោក លូកាសិនកូ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីវ័យ៦៧ឆ្នាំរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ជាការពិតណាស់ ប្រព័ន្ធអំណាចរបស់យើងពិតជាផ្ដាច់ការ ហើយខ្ញុំក៏មិន បដិសេធនឹងប្រើពាក្យផ្ដាច់ការនេះដែរ»

នៅក្នុងកិច្ចសម្ភាសន៍នោះដែរលោក លូកាសិនកូ បានប្រកាន់ជំហរមិននិយាយពីការឃុំខ្លួនសកម្មជននយោបាយ និងសកម្មសិទ្ធិមនុស្សជាង ១,២៥៩នាក់ ដែលអង្គការសង្គមស៊ីវិលបេឡារុស អះអាងថាកំពុងជាប់ឃុំក្នុងពន្ធនាគារដោយអយុត្តិធម៌នោះទេ។ ប៉ុន្តែ លោក លូកាសិនកូបានបញ្ជាក់ថានៅក្នុងប្រទេស របស់លោកគ្មានអ្នកទោសនយោបាយណាមួយមកពីគណបក្សប្រឆាំងកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅក្រោមការដឹកនាំកណ្ដាប់ដៃរបស់លោកឡើយ។

គួរបញ្ជាក់ថា លោក លូកាសិនកូ បានដឹកនាំប្រទេសបេឡារុសចាប់តាំងពីឆ្នាំ១៩៩៤មក ហើយលោកបានជាប់ឆ្នោតជាថ្មីកាលពីឆ្នាំ២០២០ នៅក្នុងការ បោះឆ្នោតសកលមួយដែលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត៕