(វ៉ាស៊ីនតោន)៖ សេតវិមានបានឲ្យដឹងនៅមុននេះបន្តិចថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានតេស្តវិជ្ជមានកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្ដដា ឆ្នាំ២០២២។

លេខាធិការសារព័ត៌មានសេតវិមាន លោក Karine Jean-Pierre បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន ដែលបានធ្វើតេស្តវិជ្ជមានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ គឺមានរោគសញ្ញាស្រាលណាស់ ហើយបានចាប់ផ្តើមប្រើថ្នាំ Paxlovid។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួនពីរលើក ដោយលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០២០ និងលើកទីពីរ នៅខែមករា ឆ្នាំ២០២១ ហើយបានទទួលការចាក់ដូសជំរុញថ្នាំ Pfizer ចំនួនពីរលើកផងដែរ គឺនៅក្នុងខែកញ្ញា ឆ្នាំ២០២១ និងខែមីនា ឆ្នាំ២០២២។

កាលពីថ្ងៃទី ២៦ខែមេសាកន្លងទៅ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានប្រកាសថា លោកស្រីបានធ្វើតេស្តវិជ្ជមានកូវីដ១៩ផងឌដែរ ខណៈសមាជិកសភារាប់សិបនាក់ក៏បានបានរាយការណ៍ថា បានឆ្លងជំងឺនេះដែរ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ៕