(ឡុងដ៍)៖ និយតករអាកាសចរណ៍របស់ចក្រភពអង់គ្លេស បានព្រមានក្រុមហ៊ុនអាកាសចរណ៍នៅថ្ងៃព្រហស្បតិ៍នេះ អំពីសកម្មភាពអនុវត្តច្បាប់ដែលអាចកើតមាន ប្រសិនបើអ្នកធ្វើដំណើរប្រឈមមុខនឹងការរំខានជើងហោះហើរ និងការលុបចោលជើងហោះហើរបន្ថែមទៀតក្នុងរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។

ការព្រមាននេះកើតឡើង ចំពេលមានការរំខានយ៉ាងខ្លាំងនៅអាកាសយានដ្ឋាន ដែលបណ្តាលមកពីកង្វះបុគ្គលិក រួមទាំងការតម្រង់ជួរយ៉ាងវែងអន្លាយ និងជើងហោះហើរមួយចំនួនត្រូវបានលុបចោល ដោយសារក្រុមហ៊ុនអាកាសចរណ៍ជួបការលំបាកដើម្បីរក្សាល្បឿនជាមួយនឹងការកើនឡើងនៃតម្រូវការ បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩។

អាជ្ញាធរទីផ្សារ (CMA) និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ប្រហែលជាមិនធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីជៀសវាង «ការអនុវត្តដែលបង្កគ្រោះថ្នាក់» ដូចជាការលក់សំបុត្រច្រើនជាងការរំពឹងទុក និងការខកខានក្នុងការផ្តល់ឱ្យអតិថិជននូវព័ត៌មានច្បាស់លាស់ រួមទាំងអំពីហានិភ័យនៃការលុបចោលផងដែរ។

អាជ្ញាធរក៏បានព្រមានក្រុមហ៊ុនអាកាសចរណ៍ទាំងនោះផងដែរ អំពីការគាំទ្រដល់អតិថិជនរបស់ពួកគេដែលត្រូវបានលុបចោលជើងហោះហើរ ជាមួយនឹងការផ្តល់ជូននូវជើងហោះហើតជំនួស ក៏ដូចជាការសងប្រាក់វិញភ្លាមៗផងដែរ៕