(ព្រុចសែល)៖ ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អួស៊ូឡា វ៉ុនឌែរ ឡេយិន (Ursula von der Leyen) នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ក្រុមប្រឹក្សានៃសហភាពអឺរ៉ុប (EU) បានអនុម័តកញ្ចប់ទណ្ឌកម្មទី៧របស់ខ្លួន ប្រឆាំងនឹងរុស្ស៉ី ដែលក្នុងនោះរួមបញ្ចូលនូវការហាមឃាត់មិនទាំងស្រុង លើការនាំចូលមាសរបស់រុស្ស៉ី និងការបង្កកទ្រព្យសម្បត្តិរបស់ធនាគាររុស្ស៉ី ស្បឺ ប៊េង (Sberbank)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។

ដោយឡែក បុគ្គលនិងនីតិបុគ្គលចំនួន៥០នាក់ ក៏ស្ថិតក្រោមបញ្ជីនៃទណ្ឌកម្មថ្មីនេះដែរ។ ក្នុងចំណោមពួកគេ គឺមានអ្នកនយោបាយ, មេដឹកនាំយោធា, អ្នកមានអំណាច និងអ្នកឃោសនាឲ្យរដ្ឋាភិបាលទីក្រុងមូស្គូ ជាដើម។ មិនតែប៉ុណ្ណោះ កញ្ចប់ទណ្ឌកម្មទី៧នេះ រួមមានទាំងការប្តេជ្ញាចិត្តថា វិធានការរឹតបន្តឹងទាំងនេះ នឹងមិនគំរាមកំហែង ដល់សន្តិសុខស្បៀងនិងថាមពល នៅជុំវិញពិភពលោកឡើយ។ ទណ្ឌកម្មនេះនឹងចូលជាធរមាន បន្ទាប់ពីការប្រកាសក្នុងទំព័រផ្សព្វផ្សាយផ្លូវការរបស់ EU។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃពុធសប្តាហ៍នេះ បានសម្តែងការខកចិត្ត ចំពោះភាពមិនពេញលេញ នៃកញ្ចប់ទណ្ឌកម្មទី៧ របស់សហភាពអឺរ៉ុប ដោយលើកឡើងថា រុស្ស៉ីគួរតែទទួលបានអារម្មណ៍ថា មានសម្ពាធខ្ពស់ជាងនេះ សម្រាប់ការបង្កសង្រ្គាម និងដើម្បីបង្ខំឲ្យទីក្រុងមូស្គូ ត្រឡប់មករកសន្តិភាពវិញ៕