(ប៉េកាំង)៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងកាលពីថ្ងៃទី ២០ ខែកក្កដាថា មួយឆ្នាំទៅមួយឆ្នាំទៀត សហរដ្ឋអាមេរិកមិនអើពើនឹងការពិត ដោយប្រឌិតម្តងហើយម្តងទៀត «របាយការណ៍» មិនពិតស្តីពីបញ្ហាជួញដូរមនុស្ស ដើម្បីបញ្ឆោតពិភពលោក។ តាមពិត សហរដ្ឋអាមេរិកវិញទេ ដែលជាប្រទេសជួញដូរមនុស្សធំទី១ នៅលើពិភពលោក។

តាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី ១៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយ របាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំ ដោយបានបន្តដាក់ប្រទេសចិនក្នុងបញ្ជីឈ្មោះប្រទេស និងតំបន់ប្រភេទទីបី ដែលមានភាពអាក្រក់បំផុត ព្រមនិងបានវាយប្រហារនិងលាបពណ៌ប្រទេសចិន តាមរយៈបញ្ហាដូចជា «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» នៅក្នុងភូមិភាគស្វយ័ត Xinjiang ជាដើម។

នៅពេលឆ្លើយសំណួរពាក់ព័ន្ធ លោក Wang Wenbin បានលើកឡើងថា យោងតាមការប៉ាន់ប្រមាណ របស់ក្រសួងការបរទេសអាមេរិក ជារៀងរាល់ឆ្នាំ មានមនុស្សចំនួន ១០ម៉ឺននាក់ ត្រូវបានជួញដូរពីបរទេស ទៅកាន់សហរដ្ឋអាមេរិក សម្រាប់ធ្វើពលកម្មក្រោមការបង្ខិតបង្ខំ ។
លោក Wang បន្តថា ប្រទេសចិនដាស់តឿនឱ្យភាគីសហរដ្ឋអាមេរិក ផ្តោតការយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្ស ដោយប្រតិបត្តិការជាក់ស្តែង ដើម្បីប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋសិទ្ធិមនុស្ស ដូចជាការជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើពលកម្មជាដើម នៅក្នុងប្រទេសខ្លួន ព្រមនិងពិនិត្យមើលខ្លួនឯងតាម «ស្តង់ដាខ្ពស់បំផុត» ដែលខ្លួនតែងអួតអាងនោះ ហើយឈប់មួលបង្កាច់ និងលាបពណ៌ប្រទេសផ្សេងទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន