(ខូឡូរ៉ាដូ)៖ សហរដ្ឋអាមេរិកបានវាយតម្លៃថាកងទ័ពរុស្ស៉ីប្រហែល ១៥,០០០នាក់ ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន គិតមកទល់នឹងពេលនេះ ខណៈ៤៥,០០០នាក់ បានរងរបួស ហើយខាងអ៊ុយក្រែនក៏មានអ្នកស្លាប់ និងរបួសមិនតិចនោះដែរ។ នេះបើតាមនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២។

លោក វីលៀម បឺន (William Burns) ធ្វើការកត់សម្គាល់ខាងលើនៅវេទិកាសន្តិសុខមួយរៀបចំឡើងដោយវិទ្យាស្ថានអាស់ប៉ែន (Aspen) ក្នុងរដ្ឋខូឡូរ៉ាដូ (Colorado) កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ នាយក CIA រូបនេះបានគូសបញ្ជាក់ដូច្នេះថា «សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកបានវាយតម្លៃចុងក្រោយបំផុតថា កងទ័ពរុស្ស៉ី ១៥,០០០នាក់ ត្រូវបានសម្លាប់ (ក្នុងប្រទេសអ៊ុយក្រន) រីឯអ្នករងរបួសប្រហែលជាមានច្រើនជាងអ្នកស្លាប់នេះចំនួន៣ដង»។ បើតាមលោក បឺន ខាងអ៊ុយក្រែន ក៏មានកងទ័ពស្លាប់ និងរបួសច្រើនដូចគ្នាដែរ តែនៅមានចំនួនតិចជាងរុស្ស៉ី។

គួរបញ្ជាក់ថា រុស្ស៉ីមិនបានបង្ហើបពីចំនួនកងទ័ពរបស់ខ្លួនដែលបានស្លាប់ ឬរងរបួសនោះទេ ចាប់តាំងពីថ្ងៃទី២៥ ខែមីនាមកជាទីដែលទីក្រុងមូស្គូបានអះអាងថាកងទ័ពរបស់ ខ្លួន ១,៣៥១នាក់ត្រូវបានសម្លាប់ ហើយរដ្ឋាភិបាលអ៊ុយក្រែនក៏បញ្ជាក់កាលពីខែមិថុនាដែរថាកងទ័ពរបស់ខ្លួនប្រហែលចន្លោះពី១០០ ទៅ២០០នាក់ បានពលីជីវិតក្នុងពេល មួយថ្ងៃ៕