(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតុលឡោះ អាលី ខាមេនី (Ayatollah Ali Khamenei) បានប្រាប់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីនថា បើទោះជាលោកមិនបានចាប់ផ្ដើមសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ ក៏នៅទីបំផុតទៅ បក្សសម្ព័ន្ធយោធាណាតូ (NATO) គឺជាអ្នកចាប់ផ្ដើមសង្រ្គាម នេះដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២០ ខែកក្កដា ឆ្នាំ២០២២។

ការលើកឡើងរបស់លោក ខាមេនី ត្រូវបានដកស្រង់ចេញផ្សាយនៅលើគេហទំព័ររបស់លោក បន្ទាប់ពីលោកផ្ទាល់បានជួបពិភាក្សាការងារជាមួយលោក ពូទីន កាលពីថ្ងៃអង្គារសប្ដាហ៍នេះក្នុងទីក្រុងតេហេរ៉ង់។ លោក ខាមេនី បានលើកឡើងដូច្នេះថា «អ៉ីរ៉ង់មិនចង់ឃើញសង្រ្គាមដែលជាអំពើហិង្សា និងបញ្ហា ដ៏ស្មុគស្មាញកើតឡើងនោះទេ។ ប៉ុន្តែ ពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន បើទោះជាអ្នក (លោក ពូទីន) មិនបានចាប់ផ្ដើមសង្រ្គាមនេះមុនក៏ដោយ ក៏ភាគីដទៃ (ណាតូ) អាចនឹងក្លាយជាអ្នកចាប់ផ្ដើមមុន ហើយបង្កសង្រ្គាមនេះឡើងដដែល»

មេដឹកនាំកំពូលអ៉ីរ៉ង់រូបនេះ ក៏បានរិះគន់ដែរថាលោកខាងលិចបានប្រឆាំងនឹងភាពខ្លាំងក្លា និងឯករាជ្យភាពរបស់រុស្ស៉ី។ «បក្សសម្ព័ន្ធណាតូមិនចេះ ស្កប់ស្កល់នោះទេ ប្រសិនបើឱកាសនៅតែមាន ហើយទោះជាសង្រ្គាមមិនកើតឡើងនៅអ៊ុយក្រែន ក៏ពួកគេអាចនឹងចាប់ផ្ដើមសង្រ្គាមដោយប្រើ តំបន់គ្រីមៀ ជាលេស»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ខាមេនី។

ដោយឡែក លោក ពូទីន ក៏ត្រូវបានគេដកស្រង់សម្ដីដែរថា លោកបាននិយាយថាការបាត់បង់ដល់អាយុជីវិតជនស៊ីវិល គឺជាសោកនាដកម្មមួយដ៏ធំ ប៉ុន្តែជាដដែល លោកនៅតែទម្លាក់កំហុសលើលោកខាងលិចថាជាអ្នកបង្ខំឱ្យរុស្ស៉ីធ្វើសង្រ្គាម។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសអ៉ីរ៉ង់ជាទីដែលលោកត្រូវជួបពិភាក្សាជាមួយមេដឹកនាំអ៉ីរ៉ង់ និងប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបញ្ចប់ទស្សនកិច្ចនៅអ៉ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ហើយដែលនេះអាចជាសារមួយដែលលោក ពូទីនចង់បញ្ជូនទៅកាន់លោកខាងលិចថា ទីក្រុងមូស្គូ នឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយអ៉ីរ៉ង់ ឥណ្ឌា និងចិន ដើម្បីទប់ទល់ជាមួយលោកខាងលិច៕