(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិក និងក្រុមហ៊ុន ឡុកឃីដ ម៉ាទីន (Lockheed Martin) បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីផលិតយន្តហោះចម្បាំងធុន F-35 សរុបប្រហែល៣៧៥គ្រឿង ក្នុងរយៈពេល៣ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

លោក វីលៀម ឡាភ្លែន (William LaPlante) ប្រធានផ្នែកទិញសព្វាវុធរបស់មន្ទីរបញ្ចកោណ បាននិយាយថា ក្រសួងការពារជាតិអាមេរិក និងក្រុមហ៊ុន Lockheed Martin បានឈានដល់ «កិច្ចព្រមព្រៀងចាប់ដៃ» សម្រាប់ការទិញយន្តហោះចម្បាំង F-35 ក្រុមបន្ទាប់ទៀត ក្នុងបរិមាណគោល ៣៧៥គ្រឿង។

កិច្ចព្រមព្រៀងខាងលើ មានន័យថាវាស្ថិតក្នុងដំណាក់កាលចាប់ផ្តើម សម្រាប់ការចរចាស្វែងរកតម្លៃចុងក្រោយ ដែលទំនងជានឹងត្រូវ ប្រើពេលរាប់សប្តាហ៍ឬរាប់ខែ ទើបអាចកំណត់បាន។ ប្រការនេះធ្វើឱ្យទំហំទឹកប្រាក់សរុបនៃកិច្ចព្រមព្រៀង ហើយនិងតម្លៃនៃយន្តហោះ ១គ្រឿងៗ ស្ថិតក្នុងភាពស្រពិចស្រពិល។

មន្ទីរបញ្ចកោណ ក៏បានបន្ថែមដែរថា បរិមាណយន្តហោះចុងក្រោយ នៅក្នុងកិច្ចព្រមព្រៀង អាចនឹងផ្លាស់ប្តូរ ដោយអាស្រ័យលើ ការកែសម្រួលណាមួយដោយសភាអាមេរិក ទៅលើកញ្ចប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០២៣ ក៏ដូចជាការបញ្ជាទិញណាមួយ ដែលស្នើឡើងដោយបណ្តាដៃគូអន្តរជាតិ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ក្រសួងការពារជាតិអាមេរិក បានចុះកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំ សម្រាប់យន្តហោះចម្បាំង F-35 ចំនួន៤៧៨គ្រឿង ក្នុងតម្លៃ៣៤ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន Lockheed Martin៕