(វ៉ាស៉ីនតោន)៖ លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៉ី (Anthony Fauci) ដែលជាប្រធានទីប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់សេតវិមាន បានបញ្ជាក់ថាលោកនឹង ចូលនិវត្តន៍ នៅចុងបញ្ចប់នៃអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហើយការចូលនិវត្តន៍អាចនឹងលឿនជាងនេះទៀតក៏ថាបាន។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍ជាមួយ Reuters លោក ហ្វូស៉ី បានគូសបញ្ជាក់ថា «ខ្ញុំនៅមិនទាន់បានប្រកាសពីការចូលនិវត្តន៍របស់ខ្ញុំនៅឡើយទេ ប៉ុន្តែវាអាចកើតឡើង គ្រប់ពេលចាប់ពីថ្ងៃនេះតទៅ»។ កាលពីចុងឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត Fauci មានអាយុ៨១ឆ្នាំ ធ្លាប់បានប្រាប់ Reuters ថាលោកមិនបានគិតពីពេលវេលា នៃការចូលនិវត្តន៍ទេ។ លោកបាននិយាយថា បើទោះបីជាបានចាកចេញពីមុខតំណែងក្នុងរដ្ឋាភិបាល ប៉ុន្តែលោកនឹងបន្តធ្វើការ ព្រោះលោកនៅតែមានកម្លាំង និងចំណង់ចំណូលចិត្តចំពោះវិស័យសុខភាពសាធារណៈ និងសុខភាពសកល។

គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត អាន់តូនី ហ្វូស៉ី បានក្លាយជានាយកវិទ្យាស្ថានជាតិ អាឡែស៊ី និងជំងឺឆ្លង (NIAID) របស់សហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៨៤ ហើយនៅឆ្នាំ២០២០ លោកបានដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាមេរិក ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩៕