(អង់ការ៉ា)៖ ប្រធានាធីបតីតួកគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdogan) នៅថ្ងៃចន្ទសប្តាហ៍នេះ បានបន្តគំរាមរារាំងមិនឲ្យស៊ុយអែត និងហ្វាំងឡង់ ក្លាយជាសមាជិករបស់អង្គការណាតូ (NATO) លុះត្រាតែបក្សសម្ព័ន្ធយោធាមួយនេះបំពេញតាមលក្ខខណ្ឌរបស់ទីក្រុងអង់ការ៉ា។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព៏ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីចុងខែមិថុនាកន្លងទៅ លោក អឺដូហ្កាន់ បានស្នើដល់ស៊ុយអែត និងហ្វាំងឡង់ ឲ្យចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងបានការចោទប្រកាន់ប្រទេសទាំង២ថាបានផ្តល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធឃើដខុសច្បាប់។
ថ្លែងនៅថ្ងៃចន្ទសប្តាហ៍នេះ មុនជំនួបកំពូលត្រីភាគីជាមួយរុស្ស៊ី និងអ៉ីរ៉ង់ លោក អឺដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់ម្តងទៀតថា យើងនឹងបន្តរារាំងដំណើរការនេះ ប្រសិនបើប្រទេសទាំងនោះមិនបានចាត់វិធានការចាំបាច់ ដើម្បីបំពេញតាមលក្ខខណ្ឌរបស់យើង»។ មេដឹកនាំតួកគីរូបនេះ បានបន្ថែមថា «យើងកត់សម្គាល់ឃើញជាពិសេសថា គឺស៊ុយអែតមិនមានគោលជំហរល្អប្រសើរ ក្នុងការដោះស្រាយបញ្ហានេះទេ»

គួរបញ្ជាក់ថា កាលពីដើមខែកក្កដានេះ អង្គការណាតូ បានចាប់ផ្ដើមដំណើរការនីតិវិធីនៃការចូលជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ បន្ទាប់ពីសម្រេច បានកិច្ចព្រមព្រៀងជាមួយតួកគី។ ដោយឡែក ការលើកឡើងខាងលើរបស់លោក អឺដូហ្កាន់ កើតមានឡើង នៅមុនរូបលោកបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងតេហេរ៉ង់ (Tehran) ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់ លោក អ៉ីប្រាហ៉ីម រៃស៉ី (Ebrahim Raissi) នៅថ្ងៃអង្គារសប្ដាហ៍នេះ៕