(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកមិនបានឃើញប្រទេសចិនគេចវេសពីការដាក់ទណ្ឌកម្ម ឬផ្តល់ឧបករណ៍យោធាដល់ប្រទេសរុស្ស៊ីនោះទេ ដោយបន្ថែមថាវិធានការអនុវត្តច្បាប់ដែលបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ បានផ្តោតលើក្រុមហ៊ុនចិនមួយចំនួន មិនមែនរដ្ឋាភិបាលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងពាណិជ្ជកម្មបានបន្ថែមក្រុមហ៊ុនចំនួនប្រាំរបស់ចិនទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មកាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រោមបទចោទប្រកាន់ថា បានគាំទ្រដល់មូលដ្ឋានឧស្សាហកម្មយោធា និងការពារជាតិរបស់រុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូកំពុងធ្វើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។

គួរបញ្ជាក់ថា មន្ត្រីអាមេរិកបានព្រមានអំពីផលវិបាក រួមទាំងការដាក់ទណ្ឌកម្ម ប្រសិនបើចិនផ្តល់ការគាំទ្រជាសម្ភារៈសម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី ប៉ុន្តែបាននិយាយជារើយៗថា ពួកគេមិនទាន់រកឃើញការគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចរបស់ចិន ដល់ទីក្រុងម៉ូស្គូនៅឡើយទេ៕