(រីយ៉ាទ)៖ អ្នកធម្មយាត្រាមូស្លីមរាប់ពាន់នាក់បានចាប់ផ្តើមមកដល់ទីក្រុង Mecca របស់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសុក្រ ដោយមានប្រជាជនម៉ូស្លីមប្រហែល ០១លាននាក់ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងរដូវកាលហាជ្ជ (Hajj) ឆ្នាំ២០២២ នេះ បន្ទាប់ពីមានការរំខានយ៉ាងធ្ងន់ធ្ងររយៈពេលពីរឆ្នាំដោយសារជំងឺរាតត្បាតសកលកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២។

លោក Ahmed Said Mahmoud ដែលជាអ្នកធ្វើធម្មយាត្រាជនជាតិអេហ្ស៊ីបបានសម្តែងការក្រេតអរយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណដល់ព្រះជាម្ចាស់... ខ្ញុំមិនអាចពិពណ៌នាអំពីអារម្មណ៍របស់ខ្ញុំនៅពេលនេះបានទេ...ខ្ញុំ សប្បាយ ចិត្ត ណាស់ ដែលបានមកជាន់ទឹកដី មហា វិហារ ឥស្លាមដ៏រ បរិសុទ្ធទាំង ពីរ»

អារ៉ាប៊ីសាអូឌីត ជាកន្លែងគោរពបូជាដ៏ធំបំផុតរបស់សាសនាឥស្លាមដែលមានទីក្រុង Mecca និង Medina បានអនុញ្ញាតឱ្យអ្នកដំណើរបរទេសត្រឡប់មកវិញនៅឆ្នាំនេះ ដើម្បីធ្វើពិធីបុណ្យហាជ្ជី (Hajj)។ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ មានតែពលរដ្ឋ និងអ្នកស្រុកអារ៉ាប៊ីសាអូឌីតប្រមាណពីរបីពាន់នាក់ប៉ុណ្ណោះ ដែលបានចូលរួមធ្វើបុណ្យធម្មយាត្រាប្រចាំឆ្នាំ ដោយសារជំងឺកូវីដ១៩ ដែលបានបំផ្លាញសេដ្ឋកិច្ចពិភពលោក និងកាត់បន្ថយការធ្វើដំណើរ៕