Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែននិងរុស្ស៉ី ដោះដូរឈ្លើយសឹកគ្នា ១៤៤នាក់ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីកើតមានសង្រ្គាម

30-06-2022 18:02

(កៀវ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អ៊ុយក្រែនបានប្រកាសពីការដោះដូរអ្នកទោសសង្រ្គាម ក្នុងចំនួនធំបំផុត ចាប់តាំងតែពីសង្រ្គាមជាមួយរុស្ស៉ី បានផ្ទុះឡើង ដោយខាងខ្លួនទទួលបានមកវិញ នូវទាហានអ៊ុយក្រែនសរុបចំនួន ១៤៤នាក់ ក្នុងនោះ៩៥នាក់ គឺជាក្រុមអ្នកប្រយុទ្ធ ដែលបានការពាររោងចក្រដែកថែប អាហ្សូវស្តាល់ (Azovstal) នៅទីក្រុងម៉ារីយូប៉ូល (Mariupol)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន The Guardian នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។

អាជ្ញាធរស៉ើបការណ៍សម្ងាត់របស់អ៊ុយក្រែន បានប្រកាសពីដំណឹងខាងលើតាមប្រព័ន្ធតេឡេក្រាម (Telegram) យ៉ាងដូច្នេះថា «នេះគឺជាការដោះដូរធំបំផុត គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី។ ក្នុងចំណោម កងកម្លាំង១៤៤នាក់ ដែលរុស្ស៉ីដោះលែងមកវិញ មាន៩៥នាក់ ដែលជាអ្នកប្រយុទ្ធការពាររោងចក្រ Azovstal»

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍នាថ្ងៃព្រហស្បតិ៍នេះ របស់ក្រសួងការពារជាតិរុស្ស៉ីវិញ ការដោះដូរអ្នកទោសសង្រ្គាមចំនួន ១៤៤នាក់នោះ ជាមួយអ៊ុយក្រែន ត្រូវបានរៀបចំឡើង ក្រោមការចេញបញ្ជាដោយផ្ទាល់ របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ ទន្ទឹមគ្នា ក្រសួងការពារជាតិរុស្ស៉ីបានអះអាងថា កងកម្លាំងអ៊ុយក្រែនសរុបជាង ៦,០០០នាក់ ត្រូវបានចាប់ខ្លួន ឬក៏ទម្លាក់អាវុធចុះចាញ់ គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង៕