(ម៉ាឌ្រីដ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងបង្កើនចំនួនកងទ័ពអាមេរិក យន្ដហោះចម្បាំង រួមទាំងនាវាចម្បាំងនៅក្នុងតំបន់ អឺរ៉ុប ខណៈបក្សសម្ព័ន្ធយោធាណាតូ (NATO) ឯកភាពគ្នាក្នុងការពង្រឹងវត្តមានយោធាដ៏ធំមិនធ្លាប់មាននៅតំបន់អឺរ៉ុបខាងកើត ចាប់តាំងពីសម័យ សង្រ្គាមត្រជាក់មក ជាការឆ្លើយតបទៅនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។

ការប្ដេជ្ញាចិត្តរបស់លោក ចូ បៃដិន ធ្វើឡើងនាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលណាតូ នៅឯទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនៅថ្ងៃពុធសប្ដាហ៍នេះ ហើយជាមួយគ្នាលោកក៏បានសន្យាផងដែរនឹងការពារទឹកដីណាតូមិនឱ្យបាត់សូម្បីតែមួយចំអាម ខណៈបក្សសម្ព័ន្ធណាតូឯកភាពគ្នាលើផែនការថ្មីមួយ ក្នុងការពង្រឹង និងបង្កើតវត្តមានយោធានៅក្នុងតំបន់បាលទិក និងប៉ូឡូញ ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយរបស់រុស្ស៉ី នៅពេលអនាគត។

លើសពីទៅទៀត បន្ថែមពីលើការប្ដេជ្ញាចិត្ត និងការសន្យា លោក បៃដិន ក៏បានបញ្ជាក់ឡើងវិញៀផងដែរថាការវាយប្រហារលើប្រទេសជាសមាជិក ណាតូណាមួយ មានន័យថាជាការវាយប្រហារលើបក្សសម្ព័ន្ធណាតូទាំងមូល។ បើតាមលោក បៃដិន សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានយោធារបស់ ខ្លួនបន្ថែមពីលើកងទ័ពជាង ១០០,០០០នាក់ ដែលកំពុងឈរជើងស្រាប់ក្នុងតំបន់អឺរ៉ុប ព្រមទាំងដាក់ពង្រាយបន្ថែមនាវាចម្បាំង និងយន្ដហោះចម្បាំង ក្នុងតំបន់អឺរ៉ុប។

តែទោះជាបែបនេះក្ដី នាយករដ្ឋមន្ត្រីអ៉ីតាលី លោក ម៉ារីយ៉ូ ដ្រាហ្គី (Mario Draghi) បាននិយាយថាលោកមើលមិនឃើញពីការគំរាមកំហែងនៃការ ប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៉ី ក្នុងរយៈពេលអនាគតដ៏ខ្លីខាងមុខនោះឡើយ។ «វាមិនមានហានិភ័យភ្លាមៗនៃការប្រឈមមុខដាក់ គ្នាដោយយោធានោះទេ។ ពិតណាស់វាមិនមានហានិភ័យភ្លាមៗ ប៉ុន្តែយើងត្រូវតែត្រៀមខ្លួនជានិច្ច»។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំណាតូកាលពីថ្ងៃពុធសប្ដាហ៍នេះ មេដឹកនាំណាតូ បានឯកភាពគ្នាក្នុងការដាក់បន្ថែមកងទ័ពជាង ៣០០,០០០នាក់ ឱ្យស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ហើយនៅមុនសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ចំនួនកងទ័ពនេះមានត្រឹមតែ ៤០,០០០នាក់ប៉ុណ្ណោះ៕