(កៀវ)៖ ទីភ្នាក់ងារស៊ើបការសម្ងាត់អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនបានចាប់ខ្លួនអតីតទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សូវៀត KGB ម្នាក់ ដែលបានជួយរុស្ស៉ី ក្នុងការកំណត់គោលដៅវាយប្រហារដោយមីស៊ុលផ្ដាច់ជីវិតទាហានអ៊ុយក្រែន ៥០នាក់ នៅឯមូលដ្ឋានទ័ពមួយកន្លែង ស្ថិតនៅភាគខាងលិចនៃប្រទេស កាលពីខែមីនាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

បើតាមទីភ្នាក់ងារស៊ើបការសម្ងាត់អ៊ុយក្រែន ជនសង្ស័យខាងលើដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ មានដើមកំណើតនៅក្នុងទីក្រុងល្វីវ (Lviv) នៃភាគខាងលិចប្រទេសអ៊ុយក្រែន ហើយបច្ចុប្បន្ន រូបគេកំពុងជាប់ឃុំ និងស្ថិតនៅក្រោមការស៊ើបអង្កេតពីបទក្បត់ជាតិ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៊ុយក្រែន ជនសង្ស័យបានបញ្ជូនទីតាំងនៃគោលដៅវាយប្រហារលើមូលដ្ឋានទ័ព យ៉ាវ៉ូរីវ (Yavoriv) ទៅឱ្យទាហាន រុស្ស៉ី តាមរយៈបណ្ដាញទំនាក់ទំនងសង្គម Telegram។ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ីលើមូលដ្ឋាន យ៉ាវ៉ូរីវ បានផ្ដាច់ជីវិតទាហានអ៊ុយក្រែន ៥០នាក់ និង១៥០នាក់ផ្សេងទៀតរងរបួស៕