(អាល្លឺម៉ង់)៖ មេដឹកនាំក្រុមប្រទេស G7 បានជំរុញប្រទេសចិន ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍នៃដំណោះស្រាយជម្លោះដោយសន្តិវិធី ដោយដាក់សម្ពាធលើប្រទេសរុស្ស៊ីឲ្យបញ្ឈប់ការឈ្លានពានលើអ៊ុយក្រែន និងទម្លាក់ការទាមទារដែនសមុទ្រដ៏ធំទូលាយរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

ក្រុមប្រទេស G7 បាននិយាយថា ប្រទេសចិនត្រូវតែដាក់សម្ពាធលើរុស្ស៊ីឱ្យដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ ដោយចង្អុលទៅការសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ សម្រាប់ទីក្រុងម៉ូស្គូក្នុងការផ្អាកប្រតិបត្តិការយោធា ក៏ដូចជាដំណោះស្រាយពាក់ព័ន្ធរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍នៅសមុទ្រចិនខាងកើត និងខាងត្បូង ហើយប្រឆាំងនឹងសកម្មភាពប៉ុនប៉ងឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពដោយកម្លាំង ឬការបង្ខិតបង្ខំ។

សេចក្តីថ្លែងការណ៍បាននិយាយថា «យើងសង្កត់ធ្ងន់ថា មិនមានមូលដ្ឋានផ្លូវច្បាប់ណាមួយ សម្រាប់ការទាមទារដែនសមុទ្រដ៏ធំរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូងទេ»៕