(អាម៉ាន់)៖ មនុស្ស១២នាក់បានបាត់បង់ជីវិត និង២៥១នាក់ទៀត បានទទួលរងរបួស ក្នុងហេតុការណ៍លេចធ្លាយសាធារតុគីមីក្លូរីន ចេញពីស៉ីទែនស្តុកឧស្ម័ន នៅឯកំពង់ផែទីក្រុង អាកាបា (Aqaba) នៃប្រទេសហ៊្សកដានី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

អាជ្ញាធរហ៊្សកដានីបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ហេតុការណ៍ខាងលើ បានកើតឡើងនៅពេលស៉ីទែនស្តុកឧស្ម័នក្លូរីនមួយ មានទម្ងន់២៥តោន ដែលត្រូវនាំចេញទៅកាន់ប្រទេសជីប៊ូទី បានដាច់ធ្លាក់ពីគ្រឿងស្ទូច ពេលកំពុងលើកចេញពីរថយន្តដឹកស៉ីទែន ដើម្បីទៅដាក់នៅលើកប៉ាល់។

គួរបញ្ជាក់ថា ក្លូរីនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជា សារធាតុសម្រាប់កម្ចាត់មេរោគ និងជាភ្នាក់ងារបន្សុទ្ធទឹក ប៉ុន្តែប្រសិនបើមនុស្សស្រូបចូលក្នុងខ្លួន ឧស្ម័នគីមីនេះនឹងប្រែក្លាយទៅជា អាស៉ីអ៉ីដ្រូក្លូរិក ដែលនាំទៅរកការរលាកគ្រឿងក្នុង និងការឈ្លក់ដង្ហើម តាមរយៈប្រតិកម្មនៃការបញ្ចេញទឹកនៅក្នុងសួតបាន៕