(កៀវ)៖ អាជ្ញាធរនៅក្នុងប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ការបាញ់ផ្លោងមីស៉ីលពីរគ្រាប់របស់រុស្ស៉ី ចំផ្សារទំនើបដ៏មមាញឹកមួយកន្លែង នៅកណ្តាលទីក្រុង ក្រេមេនឈុក (Kremenchuk) របស់អ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះ បានសម្លាប់មនុស្សយ៉ាងហោច ១៦នាក់ និងរបួសចំនួន ៥៩នាក់។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានសរសេរនៅលើបណ្តាញតេឡេក្រាមថាមានមនុស្ស ជាង១,០០០នាក់ ដែលកំពុងឋិតនៅផ្សាទំនើបខាងលើ។ លោកបន្ថែមដូច្នេះថា «យើងមិនហ៊ានស្រមៃមើលពីចំនួនជនរងគ្រោះក្នុងហេតុកាណ៍នេះទេ... វាគ្មានប្រយោជន៍ទេ បើយើងរំពឹងចង់បានសេចក្ដីថ្លៃថ្នូរសម្រាប់មនុស្សជាតិ ពីប្រទេសរុស្ស៊ីនោះ»

ដោយឡែក លោក ឌីមីត្រូ លូនីន (Dmytro Lunin) អភិបាលតំបន់ប៉ូលតាវ៉ា (Poltava) ក៏បានឲ្យដឹងតាមបណ្តាញតេឡេក្រាមដែរថា ភ្លាមៗ មានមនុស្ស ចំនួន១៦នាក់ ត្រូវបានរាយការណ៍ថាស្លាប់ក្នុងការវាយប្រហារនេះ ប៉ុន្តែវាលឿនពេកក្នុងការបញ្ជាក់អំពីតួលេខនៃអ្នកស្លាប់ ខណៈដែលក្រុមមន្រ្តីជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការស្វែងអ្នករងគ្រោះក្រោមគំនរបែកបាក់។ បើតាមអភិបាលតំបន់រូបនេះការវាយប្រហារដោយមីស៊ីលរុស្ស៉ី គឺជាអំពើភេរវកម្មប្រឆាំង នឹងជនស៊ីវិល ព្រោះគ្មាន ទីតាំងយោធានៅក្បែរនោះ ដែលអាចឲ្យរុស្ស៉ីដាក់គោលដៅវាយប្រហារឡើយ។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍ខាងលើនេះ ត្រូវបានផ្ទៀងផ្ទាត់ដោយអ្នកយកព័ត៌មាន Reuters តាមរយៈការសង្កេតឃើញហេតុការណ៍ឆេះអគារផ្សារ ទំនើបមួយកន្លែង ហើយក្រុមអ្នកពន្លត់អគ្គីភ័យ និងទាហានទាញបំណែកដែកដែលរលំចេញដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត។ ចំណែកឯ ភាគីរុស្ស៉ីនៅមិនទាន់មានការឆ្លើយតបចំពោះបញ្ហានេះទេ៕