(តិចសាស់)៖ មនុស្សយ៉ាងហោច ៤២នាក់ត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងរថយន្តដឹកទំនិញមួយគ្រឿង នៅថ្ងៃចន្ទសប្ដាហ៍នេះ នៅឯទីក្រុង សាន់ អាន់តូនីញ៉ូ (San Antonio) នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

ទូរទស្សន៍ KSAT ដោយផ្អែកលើការដកស្រង់ប្រភពព័ត៌មានពីមន្រី្តប៉ូលិសទីក្រុង San Antonio ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាមនុស្ស ចំនួន ៤២នាក់បានស្លាប់ នៅក្នុងរថយន្តដឹកទំនិញខាងលើ។ ទូរទស្សន៍ KSAT បានបន្ថែមថា រថយន្តដឹកទំនិញខាងលើ ត្រូវបានគេរកឃើញនៅជាប់នឹង ផ្លូវដែកក្នុងតំបន់ដាច់ស្រយាលមួយ នៅឯជាយភាគខាងត្បូងនៃទីក្រុង San Antonio។ ទោះជាយ៉ាងណា មន្រ្តីប៉ូលិសទីក្រុង San Antonio មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំការអត្ថាធិប្បាយនៅឡើយទេ ខណៈមានការសង្ស័យថាមនុស្សទាំង៤២នាក់ខាងលើអាចជាជនអន្តោប្រវេសន៍ ដែលត្រូវបានគេរត់ពន្ធដោយខុសច្បាប់។

គួរបញ្ជាក់ថា សីតុណ្ហភាពក្នុងទីក្រុង San Antonio ដែលមានចម្ងាយប្រហែល ២៥០គីឡូម៉ែត្រពីព្រំដែនប្រទេសម៉ិកស៉ិក បានកើនឡើងរហូតដល់ ៣៩.៤អង្សាសេ ដែលជាកម្រិតខ្ពស់ខ្លាំង នៅថ្ងៃចន្ទសប្ដាហ៍នេះ៕