Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ពូទីន នឹងបំពេញទស្សនកិច្ច នៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីផ្ទុះសង្រ្គាមអ៊ុយក្រែន (Video inside)

27-06-2022 08:59

(ឡុងដ៍)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ២ ដែលធ្លាប់ជាអតីតរដ្ឋក្នុងសហភាពសូវៀត ក្នុងតំបន់អាស៊ីកណ្ដាល នៅក្នុងសប្ដាហ៍នេះ ហើយវានឹងក្លាយជាការបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីលោកបានបញ្ជាឱ្យ កងទ័ពរុស្ស៉ីវាយសម្រុកចូលអ៊ុយក្រែន ដែលលោកខាងលោកលិចហៅជាការឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។

លោក ប៉ាវែល ហ្សារូប៊ីន (Pavel Zarubin) ជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំវិមានក្រឹមឡាំង មកពីស្ថានីយ៍ទូរទស្សន៍ រ៉ូស៊ីយ៉ា វ័ន (Rossiya 1) បាន ឱ្យដឹងថាលោក ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសតាហ្ស៉ីគីស្ថាន និងតួកម៉េនីស្ថាន ហើយក្រោយមក លោកនឹងត្រូវជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូ កូ វីដូដូ ក្នុងទីក្រុងមូស្គូ។ បើតាមលោក ហ្សារូប៊ីន លោក ពូទីន ក៏មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ ទីក្រុង ក្រូដណូ (Grodno) នៃប្រទេសបេឡារុសផងដែរ នៅថ្ងៃទី៣០ ខែមិថុនា ហើយនៅថ្ងៃទី១ ខែកក្កដា ប្រធានាធិបតីរុស្ស៉ីរូបនេះនឹងចូលរួម ក្នុងវេទិកាមួយជាមួយលោកប្រធានាធិបតីបេឡារុស អាឡិចហ្សាន់ឌឺ លូកាស់ឈិនកូ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកចុងក្រោយបង្អស់នៅក្រៅប្រទេសរបស់លោក ពូទីន គឺដំណើរទស្សនកិច្ចក្នុងទីក្រុងប៉េកាំង កាលពីដើមខែកុម្ភៈ ជាពេលដែលលោកបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង៕