(ប៉េកាំង)៖ «តើពិភពលោកនឹងវិវឌ្ឍរីកចម្រើនទៅរកទិសដៅយ៉ាងណា? សន្តិភាពឬសង្រ្គាម? ការអភិវឌ្ឍឬការថមថយចុះ? ការបើកទូលាយឬការបិទទ្វារ? កិច្ចសហប្រតិបត្តិការឬការតតាំងគ្នា?» ក្នុងពិធីសម្ពោធវេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មប្រទេស BRICS ដែលធ្វើឡើងនៅយប់ថ្ងៃទី ២២ ខែមិថុនា «សំណួរយុគសម័យ» ដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងពេលថ្លែងសុន្ទរកថាគន្លឹះ តាមប្រព័ន្ធវីដេអូគួឱ្យយើងមានចំណាប់អារម្មណ៍ និងការគិតពិចារណាយ៉ាងជ្រាលជ្រៅ។

«យើងត្រូវសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពនៃពិភពលោក», «យើងត្រូវជួយយកអាសាគ្នា ទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍជាសកលប្រកបដោយនិរន្តរភាពជាមួយគ្នា» «យើងត្រូវរួមសុខរួមទុក្ខ ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ», «យើងត្រូវប្រកាន់ខ្ជាប់ភាពបរិយាប័ន្ន និងភាពរួមបញ្ចូលគ្នាដើម្បីរួមគ្នាពង្រីក ការបើកទូលាយនិងការចុះសម្រុងគ្នា» គំនិតផ្តួចផ្តើម ៤ចំណុច ដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនេះ បានបញ្ចេញព័ត៌មានយ៉ាងលេចធ្លោថា ចិននឹងគាំពារសន្តិភាពនិងជំរុញការអភិវឌ្ឍ ក៏ដូចជាឆ្លុះបញ្ចាំងពីក្តីបំណងរួម របស់ប្រជាជននៃប្រទេសនានា ហើយក៏បានផ្តល់ចម្លើយ ដោយគ្រប់ជ្រុងជ្រោយចំពោះ «សំណួរយុគសម័យ» ផងដែរ ។ ទាក់ទិននឹងរឿងនេះ លោក Manuel Flores អតីតសមាជិករដ្ឋសភាសាល់វ៉ាឌ័របានវាយតម្លៃថា សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping បានចង្អុលបង្ហាញទិសដៅសម្រាប់ការអភិវឌ្ឍរបស់ពិភពលោក។

បើថ្លែងអំពីការអភិវឌ្ឍ លក្ខខណ្ឌចម្បងគឺត្រូវមានសុវត្ថិភាព។ នេះគឺជាមូលហេតុសំខាន់ដែលលោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវគំនិតផ្តួចផ្តើមខាងសន្តិសុខជាសកលក្នុងរយៈពេលមុននេះមិនជាយូរប៉ុន្មាន។ ក្នុងសុន្ទរកថាលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានរំលឹកឡើងវិញនូវសង្គ្រាមលោកទាំងពីរលើក និងការបដិបក្ខគ្នាដែលមនុស្សជាតិ បានឆ្លងកាត់ជាបន្តបន្ទាប់ដោយលើកឡើងថា វិបតិ្តអ៊ុយក្រែននាពេលបច្ចុប្បន្នបានផ្តល់ការព្រមានដល់ពិភពលោក ពោលគឺអំពាវនាវឱ្យសហគមន៍អន្តរជាតិលុបបំបាត់ទស្សនផលបូកសូន្យ ក៏ដូចជារួមគ្នាប្រឆាំងនឹងអនុត្តរភាពនិយម និងអំណាចផ្តាច់ការខាងនយោបាយ ធ្វើឱ្យពន្លឺព្រះអាទិត្យដែលពោរពេញទៅដោយសន្តិភាពបំភ្លឺពិភពលោក។

សូមបញ្ជាក់ថា ពាក្យសំដីទាំងនេះមិនត្រឹមតែបានបង្ហាញពី មូលហេតុចម្បងនៃការកើតមានឱនភាពផ្នែកសន្តិភាព នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងក៏បានផ្តល់នូវផែនការសម្រាប់ដោះស្រាយឱនភាពនេះ ដែលមានលក្ខណៈចំគោលដៅជាក់ស្តែងយ៉ាងខ្លាំង ដូច្នេះហើយ វាទទួលបានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ។

ការអភិវឌ្ឍជាមធ្យោបាយគន្លឹះសម្រាប់ដោះស្រាយបញ្ហាទាំងអស់ ហើយក៏ជាប្រធានបទសំខាន់នៃកិច្ចជំនួបនៃអ្នកដឹកនាំប្រទេស BRICS លើកនេះផងដែរ។ ឆ្នាំនេះ ប្រទេសចិនធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលប្រទេស BRICS ម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល ៥ឆ្នាំ។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងប្រទេសចិន និងប្រទេស BRICS បានឡើងដល់ ៤៩០,៤២ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង ៣៩,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០២០។ កិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS គឺជាភាពជោគជ័យនៃពហុភាគីនិយម ហើយក៏ជាលទ្ធផលជាផ្លែផ្កា នៃការប្រកាន់ខ្ជាប់នូវ «ការតម្កល់ទុកការអភិវឌ្ឍជាអាទិភាព» «ប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល» និង «ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ជាទូទៅ និងបរិយាប័ន្ន» ចំណែកឯប្រការទាំងនេះ សុទ្ធតែជាខ្លឹមសារគន្លឹះ នៃគំនិតផ្តួចផ្តើមផ្នែកសន្តិសុខជាសកល ហើយក៏ជាសក្សីនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការជំរុញការបង្កើតសហគមន៍រួមអភិវឌ្ឍន៍ជាសកលផងដែរ។

គួររំលឹកផងដែរថា តើពិភពលោកនឹងវិវឌ្ឍរីកចម្រើនទៅរកទិសដៅយ៉ាងណា? ប្រទេសចិនបានផ្តល់ចម្លើយតាមរយៈ ការអនុវត្តជាក់ស្តែងរបស់ខ្លួនរួចហើយ។ បន្ទាប់មក ឱ្យតែប្រទេស BRICS មានគោលបំណងដូចគ្នា រួមសុខរួមទុក្ខនិងរួមសហការជាមួយគ្នា នោះ វាមិនត្រឹមតែនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS នឹងទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងក៏នឹងធ្វើឱ្យសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ទទួលបានកម្លាំងវិជ្ជមានកាន់តែច្រើនផងដែរ៕

ដោយ៖ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន