(ប៉េកាំង)៖ យប់ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញជាអធិបតី ក្នុងកិច្ចជំនួបថ្នាក់ដឹកនាំលើកទី ១៤ របស់ប្រទេស BRICS តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។ លោក Matemela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិខាងត្បូង លោកJair Messias Bolsonaro ប្រធានាធិបតីប្រេស៊ីល លោក Putin ប្រធានាធិបតីរុស្ស៊ីនិងលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានអញ្ជើញវត្តមាន។

លោក Xi Jinping បានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «បង្កើតទំនាក់ទំនងភាពជាដៃគូប្រកបដោយគុណភាពខ្ពស់ ចាប់ផ្តើមដំណើរថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS»។ លោកបានលើកឡើងថា ប្រទេស BRICS គួរផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់គ្នា អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ គាំពារសច្ចភាព ប្រឆាំងនឹងអនុត្តរភាព គាំពារយុត្តិធម៌ ប្រឆាំងនឹងការធ្វើបាប គាំពារសាមគ្គីភាព ប្រឆាំងនឹងការបំបែកបំបាក់។
ភាគីចិនរីករាយរួមសហការជាមួយដៃគូប្រទេស BRICS ក្នុងការជំរុញគំនិតផ្តួចផ្តើមសន្តិសុខសកលឱ្យអនុវត្តជាក់ស្តែង ដើរលើផ្លូវសន្តិសុខបែបថ្មីដែលសន្ទនាតែមិនបដិបក្ខ ចងមិត្តភាពតែមិនចងសម្ព័ន្ធមិត្ត ឈ្នះ-ឈ្នះតែមិនលេងល្បែងផលបូកសូន្យ ដើម្បីបំពេញបន្ថែមស្ថិរភាពនិងថាមពលវិជ្ជមានដល់ពិភពលោក។

ជុំវិញប្រធានបទ «បង្កើតទំនាក់ទំនងភាពជាដៃគូប្រកបដោយគុណភាពខ្ពស់ រួមគ្នាបង្កើតយុគសម័យអភិវឌ្ឍន៍សកលថ្មី» មេដឹកនាំប្រទេសទាំង ៥ បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS លើគ្រប់វិស័យ និងបញ្ហាសំខាន់ៗដែលយកចិត្តទុកដាក់ដូចគ្នា ហើយបានឈានដល់គំនិតឯកភាពសំខាន់ៗជាច្រើន។ កិច្ចជំនួបលើកនេះ បានចេញផ្សាយ «សេចក្តីប្រកាសក្រុងប៉េកាំងនៃកិច្ចជំនួបថ្នាក់ដឹកនាំលើកទី ១៤ របស់ប្រទេស BRICS »

វិទ្យុមិត្តភាពកម្ពុជាចិន