(ណៃពិដោ)៖ អ្នកនាំពាក្យរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក ហ្ស មីនទូន (Zaw Min Tun) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានផ្លាស់ប្តូរពីការឃុំខ្លួនក្នុងផ្ទះ ទៅកាន់បន្ទប់ឃុំឃាំង ក្នុងបរិវេណពន្ធនាគារវិញ ប៉ុន្តែស្ថិតក្នុងរដ្ឋធានីណៃពិដោដដែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នា២០២២។

ចាប់តាំងពីត្រូវទម្លាក់ចេញពីអំណាច ដោយរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១ មក លោកស្រី ស៊ូជី ត្រូវបានឃុំឃាំង ក្នុងផ្ទះនៅទីតាំងមួយកន្លែង ដែលមិនមានការបញ្ជាក់ច្បាស់ឡើយ ដោយគេគ្រាន់តែដឹងថា ស្ថិតក្នុងរដ្ឋធានីណៃពិដោ។ បើតាមការអះអាង របស់ប្រភពដែលដឹងអំពីស្ថានភាពលោកស្រី គឺកំលុងការឃុំឃាំងនោះ លោកស្រីមានអ្នកជួយបម្រើមួយចំនួន ព្រមទាំងសត្វសុនខចិញ្ចឹម១ក្បាល។

លោក Min Tun បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា ដោយអនុលោមតាមនីតិវិធីព្រហ្មទណ្ឌ លោកស្រី ស៊ូជី ត្រូវបានផ្លាស់បញ្ជូនទៅកាន់ បន្ទប់ឃុំឃាំងមួយដាច់ដោយឡែកតែឯង នៅក្នុងបរិវេណពន្ធនាគារ ចាប់តាំងពីថ្ងៃពុធសប្តាហ៍នេះ។ ប្រភពដែលដឹងអំពីករណីខាងលើ បានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា លោកស្រី ស៊ូជី ពិតជាត្រូវបានគេបញ្ជូនទៅកាន់ពន្ធនាគារ កាលពីថ្ងៃពុធ មែន ខណៈអ្នកបម្រើនិងសត្វចិញ្ចឹម មិនត្រូវបានអនុញ្ញាតឱ្យទៅជាមួយលោកស្រីឡើយ ហើយសន្តិសុខនៅជុំវិញបរិវេណពន្ធនាគារ ក៏មានសភាពតឹងតែងជាងមុនផងដែរ។ យ៉ាងណាមិញ សុខភាពរបស់លោកស្រី គឺត្រូវបានអះអាងថា ស្ថិតក្នុងស្ថានភាពល្អធម្មតា។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ ទើបតែមានសេចក្តីរាយការណ៍ថា ការរៀបចំសវនាការសម្រាប់សំណុំរឿង លោកស្រី អោងសាន ស៊ូជី គឺត្រូវបានរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បញ្ជាឱ្យផ្លាស់ទៅធ្វើឡើងនៅក្នុងពន្ធនាគារវិញ ខណៈកន្លងមកសវនាការទាំងនេះ បានប្រព្រឹត្តទៅនៅក្នុងតុលាការជាធម្មតា៕