(ប៉េកាំង)៖ កាលពីថ្ងៃទី២១ ខែមិថុនា តាមម៉ោងក្នុងតំបន់ អ្វីដែលហៅថា «សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ ការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃអ៊ូអឺ» បានចូលជាធរមានជាផ្លូវការ។ សេចក្តីព្រាងច្បាប់ដែលពោរពេញទៅដោយ ពាក្យកុហកនេះអះអាងថា នឹងហាមឃាត់ការនាំចូលផលិតផលពី ភូមិភាគស្វយ័តស៊ីនជាំងប្រទេសចិន លើកលែងតែ «ផលិតផលដែលមានភស្តុតាងយ៉ាងច្បាស់លាស់ អាចបញ្ជាក់ថា វាមិនមែនបង្កើតឡើងដោយសារការបង្ខំឱ្យធ្វើពលកម្ម»។ នេះជាទង្វើថ្មីបំផុតរបស់ភាគីអាមេរិក ក្នុងការមួលបង្កាច់ សភាពការណ៍សិទ្ធិមនុស្សរបស់ភូមិភាគស្វយ័តស៊ីនជាំង និងធ្វើឱ្យសិទ្ធិមនុស្សក្លាយជាអាវុធ ក្នុងគោលបំណងគាបសង្កត់ឧស្សាហកម្ម ដែលមានឧត្តមភាពរបស់ភូមិភាគស្វយ័តស៊ីនជាំង ដូចជាកប្បាស ប៉េងប៉ោះ និងប្រព័ន្ធ PV ដើរដោយថាមពលព្រះអាទិត្យជាដើម។ ប៉ុន្តែវានឹងរកឃើញថា «ដំបងដាក់ទណ្ឌកម្ម» នេះនឹងវាយទៅលើខ្លួនឯងនៅទីចុងបំផុត។

អ្វីដែលហៅថា ភូមិភាគស្វយ័តស៊ីនជាំងមាន «បាតុភាពបង្ខំឱ្យធ្វើពលកម្ម» គឺជាពាក្យកុហកដែលកម្លាំងប្រឆាំងនឹង ប្រទេសចិនប្រឌិតទាំងស្រុង។ តាមការពិត តើភូមិភាគស្វយ័តស៊ីនជាំងមានសភាពការណ៍ ប្រកបការងារពិតប្រាកដយ៉ាងណា អ្នកនយោបាយអាមេរិក មិនយកចិត្តទុកដាក់ទាល់តែសោះ។ ពួកគេគ្រាន់តែយកសិទ្ធិមនុស្សធ្វើជាលេស ដើម្បីប្រឌិតពាក្យកុហកមកមួលបង្កាច់ប្រទេសចិន ព្រមពេលជាមួយគ្នានេះ ឆ្លៀតឱកាសនេះគាបសង្កត់ឧត្តមភាពប្រកួតប្រជែង នៃឧស្សាហកម្មភូមិភាគស្វយ័តស៊ីនជាំង ដែលប៉ុនប៉ងច្រានចោលភូមិភាគស្វយ័តស៊ីនជាំង រហូតដល់ប្រទេសចិនទាំងមូលឱ្យចេញពី ខ្សែសង្វាក់ផ្គត់ផ្គង់សកល ដើម្បីសម្រេចអ្វីដែលហៅថា «ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិនតាមរយៈភូមិភាគស្វយ័តស៊ីនជាំង»។

មានការវិភាគសម្គាល់ថា បន្ទាប់ពីអនុវត្ត «សេចក្តីព្រាងច្បាប់ដែលពោរពេញទៅដោយពាក្យកុហក» នេះនឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ បំផ្លាញស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ហើយសហគ្រាសបែបពាណិជ្ជកម្មបរទេសមួយចំនួន ដែលពឹងផ្អែកលើការនាំចេញនៃភូមិភាគស្វយ័តស៊ីនជាំង ប្រហែលនឹងរងផលប៉ះពាល់ពីប្រការនេះ។ ប៉ុន្តែភាគីអាមេរិកចង់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិន ក្នុងស្រទាប់សេដ្ឋកិច្ចគឺគ្មានលទ្ធភាពនោះទេ។

ទីផ្សារចិនដែលមានទ្រង់ទ្រាយធំនិងតម្រូវការនៃទីផ្សារពិភពលោក មុខជានឹងផ្តល់ចន្លោះអភិវឌ្ឍន៍ដល់សហគ្រាស នៃភូមិភាគស្វយ័តស៊ីនជាំងជាមិនខាន។ សហរដ្ឋអាមេរិកតែម្នាក់ឯងបិទទ្វារ គឺមិនអាចបំផ្លាញកម្លាំងប្រកួតប្រជែង នៃផលិតផលរបស់ភូមិភាគស្វយ័តស៊ីនជាំងនោះឡើយ។

ក្រឡេកមកមើលសហរដ្ឋអាមេរិកវិញ ប្រហែលនឹងធ្លាក់ចូលក្នុង «ភាពជាប់គាំង» ដោយសារសេចក្តីព្រាងច្បាប់នេះ។ ប្រការទាំងនេះសុទ្ធតែនឹងត្រូវ អ្នកប្រើប្រាស់អាមេរិកបង់ថ្លៃនៅទីចុងបំផុត។ បច្ចុប្បន្ននេះ ប្រជាជនអាមេរិកកំពុងជួបប្រទះ អតិផរណដ៏ខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ។ តាមការគណនារបស់អ្នកវិភាគនៃអង្គការ Moody's ឱ្យដឹងថា បើប្រៀបធៀបនឹងឆ្នាំមុនៗ គ្រួសារអាមេរិកគិតជាមធ្យមក្នុងមួយខែ ត្រូវបន្ថែមចំណាយប្រហែល៤៦០ដុល្លារអាមេរិកទៀត។ អាចឃើញថា ភាគីអាមេរិកអនុវត្ត «សេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងភូមិភាគស្វយ័តស៊ីនជាំង ដែលពោរពេញទៅដោយពាក្យកុហកនេះ នឹងបំផ្លាញដល់ផលប្រយោជន៍ទាំងខ្លួនឯង និងប្រទេសដទៃទៀត។

ភាគីចិនមុខជានឹងចាត់វិធានកាយ៉ាងខ្លាំងជាមិនខាន ដើម្បីគាំពារយ៉ាងមុតមាំនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងប្រជាជនចិន ក៏ដូចជាគាំពារស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកលផងដែរ។ អ្នកប្រឌិត «សេចក្តីព្រាងច្បាប់ ដែលពោរពេញទៅដោយពាក្យកុហក» ទាំងនោះ នឹងបង់ថ្លៃយ៉ាងខ្លាំងដោយសារសេចក្តីព្រាងច្បាប់នេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន