(វ៉ាស៊ីនតោន)៖ នៅពេលឥណ្ឌាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីសប្ដាហ៍មុន ការព្រួយបារម្ភពីការផ្ទុះឡើងនូវសង្រ្គាម ក្នុងតំបន់ ត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាតនៅលើសារព័ត៌មាន បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារអាមេរិក ដំឡើងសំឡេងដាក់គ្នាទៅវិញទៅមក ជុំវិញសំណុំរឿងកោះតៃវ៉ាន់។ សង្រ្គាមនៅអ៊ុយក្រែន បាន និងកំពុងធ្វើឱ្យតម្លៃប្រេង និងម្ហូបអាហារឡើងថៃ្ល នៅទូទាំងតំបន់អាស៊ី ព្រមទាំងបានរុញឱ្យប្រទេស មួយចំនួនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ប៉ុន្តែ ក្រៅតែពីការបារម្ភពីសេដ្ឋកិច្ច បណ្ដាប្រទេសក្នុងតំបន់អាស៊ី តួយ៉ាងដូចជាអាស៊ានក៏កំពុងភ័យព្រួយផងដែរពីការផ្ទុះសង្រ្គាម នៅមាត់ទ្វារផ្ទះរបស់ពួកគេ ចំពោះមុខការប្រជែងដណ្ដើមឥទ្ធិពលគ្នារឹតតែខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន នៅក្នុងយុគសម័យថ្មីនៃការប្រជែងរវាងពួក កំពូលមហាអំណាច។

មួយរយៈកាលចុងក្រោយនេះ ស្ថានការណ៍នៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់ បានឡើងកម្ដៅជាបន្តបន្ទាប់ នៅក្នុងបរិបទដែលសង្រ្គាមនៅអ៊ុយក្រែន ធ្វើឱ្យក្រុមអ្នកជំនាញ ភាគច្រើនជឿជាក់ថាចិនកំពុងរៀនសូត្រពីសង្រ្គាមមួយនេះដើម្បីរៀបចំយុទ្ធសាស្ត្រសម្រាប់សង្រ្គាមបង្រួបបង្រួមជាមួយតៃវ៉ាន់។ រដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ី ហ្វឹងហេ (Wei Fenghe) កាលពីសប្ដាហ៍មុន បានព្រមានត្រង់ៗថា ចិននឹងមិនស្ទាក់ស្ទើរឡើយក្នុងការធ្វើសង្រ្គាម បើតៃវ៉ាន់ប្រកាសឯករាជ្យ ឬមានជនទី៣ណាមួយព្យាយាម បំបែកតៃវ៉ាន់ចេញពីចិន។ ការលើកឡើងរបស់លោក វ៉ី ហ្វឹងហេ នេះទៀតសោតធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសជាសាធារណៈថាសហរដ្ឋអាមេរិកនឹងប្រើកម្លាំងយោធាការពារតៃវ៉ាន់ បើមានការវាយប្រហារពីចិន។

មែនទែនទៅ បណ្ដាប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើពាណិជ្ជកម្ម និងស្ថិរភាពក្នុងតំបន់ដូចជា អាស៊ានមានការព្រួយបារម្ភចំពោះភាពតានតឹងរវាងអាមេរិក និងចិន សព្វថ្ងៃ។ ដូច្នេះហើយ វាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីនោះទេ ដែលក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានស្ថិតនៅក្នុងទីក្រុងញូដេលី កាលពីសប្ដាហ៍មុន បានទទូចឱ្យស្វែងរក មធ្យោបាយបញ្ចៀសសង្រ្គាម ឬជម្លោះនៅក្នុងតំបន់។ «ការប្រជែងគ្នាធ្វើជាកំពូលមហាអំណាចរវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំង បានបង្កភាពស្មុគស្មាញដោយផ្ទាល់ សម្រាប់យើងទាំងអស់គ្នា»។ នេះជាការបញ្ជាក់របស់រដ្ឋម ន្ត្រីការបរទេសសិង្ហបុរី លោក វីវៀន បាឡាគ្រីសាន់ (Vivian Balakrishnan) ប្រាប់កិច្ចប្រជុំពិសេសរវាងឥណ្ឌា និងអាស៊ាន។ លោក Balakrishnan បន្ថែមទៀតថាស្ថានការណ៍វិវឌ្ឍក្នុងពេលបច្ចុប្បន្ន បើគ្មានការត្រួតពិនិត្យទេ នោះវានឹងគំរាមកំហែងដល់ប្រព័ន្ធសន្តិភាព និងស្ថិរភាព តែមួយគត់ ដែលប្រទេសក្នុងតំបន់ទាំងអស់ពឹងផ្អែកជាមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ច, ការអភិវឌ្ឍ និងភាពរុងរឿងអស់រយៈពេលរាប់ទសវត្សរមកនេះ។

និយាយពីសេដ្ឋកិច្ច អាស៊ាន បាន និងកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដោយសារតែការពឹងផ្អែកខ្លាំងពេកទៅលើចិន ហើយបើនិយាយពីរឿងទឹកដី ប្រទេសអាស៊ាន មួយចំនួនដែលមានជម្លោះដែនទឹកជាមួយចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង ក៏មានការព្រួយបារម្ភមិនតិចនោះដែរពីការកើនឡើងឥទ្ធិពលចិន ហើយនេះគឺជាចន្លោះប្រហោង មួយដែលឥណ្ឌាអាចបំញេញបាន។ ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងតំបន់ អាស៊ានសង្ឃឹមថាឥណ្ឌាអាចនឹងជួយរក្សាតុល្យភាពអំណាចនៅក្នុងតំបន់ និងកាត់បន្ថយការពឹងផ្អែកផ្នែកពាណិជ្ជកម្មរបស់ពួកគេបន្តិចម្ដងៗលើចិន។

ក៏ប៉ុន្តែ រឿងដែលសំខាន់បច្ចុប្បន្ន ក្រៅតែពីចាត់ទុកទីក្រុងប៉េកាំង ជាការគំរាមហែងមួយដែរនោះ ឥណ្ឌាខ្លួនឯងក៏កំពុងព្យាយាមគេចពីការប្រជែងឥទ្ធិពលគ្នារវាងចិន និងសហរដ្ឋអាមេរិកផងដែរ។ ក្នុងន័យនេះ អាស៊ាននៅតែមើលឃើញពីការស្ទាក់ស្ទើររបស់ឥណ្ឌា ក្នុងការប្រជែងជាមួយឥទ្ធិពលចិន។ មកទល់នឹងពេលនេះ អាស៊ាននៅតែមានការខកចិត្តចំពោះឥណ្ឌា ដែលនៅតែរត់តាមពីក្រោយចិនខាងយោធា ខណៈឥទ្ធិពល យោធាចិនកាន់តែរីកធំឡើងជាលំដាប់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ឥណ្ឌាបានពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយអាស៊ាន តែអាស៊ានក៏នៅតែខកចិត្តនឹងដដែល។ ពោលគឺ បន្ទាប់ពីការសម្រេចចិត្តដ៏ចម្រូងចម្រាសមិនចូលរួម ក្នុងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ឥណ្ឌាបែរជាត្រូវបានគេរាយការណ៍ថាបានដើរតួនាទីយ៉ាងសកម្ម នៅក្នុងក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (Indo-Pacific Economic Framework ឬហៅកាត់ថា IPEF របស់លោក ចូ បៃដិន ទៅវិញ។ មួយវិញទៀត ខណៈទំហំពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយអាស៊ានមានទំហំ ៧៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ទំហំពាណិជ្ជកម្មរបស់ចិនជាមួយអាស៊ានមានដល់ទៅ ៥០០ពាន់លានដុល្លារឯណោះក្នុងមួយឆ្នាំ។

លើសពីនេះទៅទៀត ភាពចលាចលនយោបាយនៅក្នុងស្រុករបស់ឥណ្ឌា កំពុងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសជាសមាជិកអាស៊ាន ដូចជាឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជុំវិញការភាពតានតឹងផ្នែកសាសនា ក្រោយអ្នកនយោបាយមកពីគណបក្សកាន់អំណាចអ្នកជាតិនិយមហិណ្ឌូ (Bharatiya Janata ) បាននិយាយប៉ះពាល់ដល់ សាសនាអ៉ីស្លាម ហើយវាក៏ធ្វើឱ្យប្រទេសអ្នកកាន់សាសនាអ៉ីស្លាម នៅជុំវិញពិភពលោកថ្កោលទោស និងបង្ហាញការមិនចិត្តជាខ្លាំង។ នៅក្នុងកិច្ចប្រជុំឥណ្ឌា-អាស៊ាន កាលពីសប្ដាហ៍មុន ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានឆ្លុះបញ្ចំងឱ្យឃើញពីការជំទាស់ជាដាច់ខាតនឹងការរើសអើង និងស្របជាមួយនឹងការកតសម្គាល់របស់ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអត់ឱននៅក្នុងសង្គមពហុវប្បធម៌សព្វថ្ងៃ។

តែទោះជាមានចំណុចខ្វះខាតបែបនេះក្ដី សម្រាប់អាស៊ាន ឥណ្ឌានៅតែជាដៃគូចាំបាច់ នៅចំពោះមុខការប្រជែងដណ្ដើមឥទ្ធិពលក្នុងតំបន់រវាងអាមេរិក និងចិន ហើយសំណួរ ដែលអាស៊ានគួរតែចោទសួរខ្លួនឯង នោះគឺថាតើទីក្រុងញូដេលី អាចដើរតួនាទីជាដៃគូសេដ្ឋកិច្ច និងសន្តិសុខដែលពួកគេត្រូវការបានដែរ ឬក៏យ៉ាងណា៕