(ណៃពិដោ)៖ រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានបញ្ជាឱ្យសវនាការសម្រាប់សំណុំរឿងលោកស្រី អោងសាន ស៊ូជី ជាអតីតមេដឹកនាំដែលត្រូវទម្លាក់ពីអំណាច ដោយរដ្ឋប្រហារយោធា ត្រូវផ្លាស់ពីបន្ទប់តុលាការធម្មតា ទៅកាន់ពន្ធនាគារជំនួសវិញ ដោយគ្មានការពន្យល់អ្វីទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។

ប្រភពដែលដឹងអំពីករណីរបស់លោកស្រី ស៊ូជី បានទម្លាយប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សវនាការតុលាការនឹងត្រូវប្តូរទៅកាន់កន្លែងកាត់ក្តីថ្មី ដែលស្ថិតក្នុងពន្ធនាគារនៃរដ្ឋធានីណៃពិដោ។ យោងតាមប្រភពដដែល គឺខាងចៅក្រមបានប្រកាសថា អគារថ្មីសម្រាប់សវនាការកាត់ក្តីសំណុំរឿងលោកស្រី ស៊ូជី គឺត្រូវបានសាងសង់រួចរាល់ហើយ។

គួរបញ្ជាក់ថា ដំណើរការកាត់ក្តីរបស់តុលាការលើលោកស្រី ស៊ូជី គឺបានប្រព្រឹត្តទៅដោយមិនមានលក្ខណៈបើកចំហនោះឡើយ ហើយព័ត៌មានតិចតួចប៉ុណ្ណោះ ត្រូវបានបញ្ចេញឱ្យដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ ម៉្យាងវិញទៀត មេធាវីរបស់លោកស្រី មានសិទ្ធិអាចជួបជាមួយលោកស្រីបាន តែនៅថ្ងៃត្រូវឡើងសវនាការប៉ុណ្ណោះ។

គួរបញ្ជាក់ថា លោកស្រី ស៊ូជី ដែលជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព ត្រូវបានបន្តឃុំខ្លួននៅទីតាំងមួយ ក្នុងទីក្រុងណៃពិដោ ក្រោមការចោទប្រកាន់ពីឧក្រិដ្ឋយ៉ាងតិច២០ករណី ចាប់តាំងពីការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១ ខណៈដែលលោកខាងលិច បានហៅសវនាការនេះ ថាជាការកាត់ទោសកំបាំងមុខ និងទាមទារឲ្យមានការដោះលែងលោកស្រី ឱ្យមានសេរីភាពវិញ៕