(ប៉េកាំង)៖ មេប៉ូលិសរងចិនម្នាក់នៅក្នុងស្រុក លូប៉ី (Lubei) នៃទីក្រុង តាងសាន (Tangshan) ភាគខាងជើងប្រទេសចិន ត្រូវបានបណ្ដេញចេញពី តំណែងដោយសារតែយឺតយ៉ាវ ក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងប្រើអំពើហិង្សាលើស្ត្រី ២នាក់ ដែលត្រូវបុរសពាលមួយហ្វូងវាយធ្វើបាបនៅឯ ភោជនីយដ្ឋានមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។

នៅក្នុងវីដេអូមួយដែលត្រូវបានគេចែកចាយយ៉ាងព្រោងព្រាតនៅលើបណ្ដាញទំនាក់ទំនងសង្គម បានបង្ហាញថាបុរសម្នាក់បានដើរទៅក្បែរតុរបស់ស្ត្រី រងគ្រោះ និងបានស្ទាបខ្នងរបស់នាង។ នាងបានរុញបុរសរូបនោះចេញ តែបុរសពាល និងបក្ខពួកស្រាប់តែវាយរូបនាងតែម្ដង ហើយបានអូសស្ត្រីរងគ្រោះ ទៅវាយធ្វើបាបដល់ខាងក្រៅហាង រហូតដល់ដួលសន្លប់នៅលើដី។ ចំណែកឯ មិត្តភក្តិស្ត្រីរូបនេះដែលបានជួយមិត្តរបស់ខ្លួនក៏ត្រូវបានហ្វូងបុរសពាល ទាំងនេះវាយធ្វើបាបផងដែរ។

ប៉ូលិសបានទៅដល់កន្លែងកើតហេតុ នៅម៉ោង ៣៖០៩នាទីទៀបភ្លឺ ពោលគឺ ២៨នាទី ក្រោយទទួលបានការហៅទូរស័ព្ទរាយការណ៍ពីហេតុការណ៍ហិង្សា នៅម៉ោង ២៖៤១នាទីរំលងអធ្រាត្រ ហើយហ្វូងបុរសពាលខាងលើ បានចាកចេញពីកន្លែងកើតហេតុ នៅម៉ោង ២៖៤៧នាទីរំលងអធ្រាត្រ។ ជុំវិញករណី ហិង្សានេះដែរ មេប៉ូលិសរងម្នាក់ ក្នុងស្រុក លូប៉ី (Lubei) ត្រូវបានបណ្ដេញចេញពីតំណែង ហើយប៉ូលិសដែលបានចូលរួមក្នុងការស៊ើបអង្កេតត្រូវបាន ស៊ើបអង្កេតពាក់ព័ន្ធនឹង ការយឺតយ៉ាវ និងដោះស្រាយបញ្ហាមិនបានល្អ។

គួរបញ្ជាក់ថា បើតាមប៉ូលិសចិន ស្ត្រី ៤នាក់ក៏បានរងរបួសស្រាលផងដែរ ខណៈស្រី្តរងគ្រោះទាំង២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយ ស្ថានភាពរបស់អ្នកទាំង២ កំពុងល្អប្រសើរឡើង។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក៏មានសេចក្ដីរាយការណ៍ដែរថាស្ថានភាពរបួសរបស់ពួកគេអាចនឹងធ្ងន់ធ្ងរ ជាងការអះអាងរបស់ប៉ូលិស៕