(វ៉ាស៉ីនតោន)៖ បុរសជាពលរដ្ឋអាមេរិកម្នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា នៅឯប្រទេសអ៊ុយក្រែន កាលពីខែឧសភាកន្លងទៅ បន្ទាប់ពីលោកបានចូលរួមជាមួយ យុទ្ធជនរាប់ពាន់នាក់ផ្សេងទៀត ដែលស្ម័គ្រចិត្តជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២។

យោងតាមលិខិតចុះមរណភាព និងក្រសួងការបរទេសអាមេរិក ដែលត្រូវបានចុះផ្សាយដោយកាសែត ដឺ រីខតឌឺ (The Recorder) នៅថ្ងៃចន្ទសប្តាហ៍នេះ, លោក ស្តេហ្វិន ហ្សាប៊ីយែលស្គី (Stephen Zabielski) អាយុ៥២ ឆ្នាំ បានស្លាប់ក្នុងការប្រយុទ្ធគ្នា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅ។ នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក បានបញ្ជាក់ពីមរណភាពរបស់ លោក Zabielski នៅក្នុងប្រទេសអ៊ុយក្រែន ហើយទីភ្នាក់ងារកំពុងទាក់ទងទៅកាន់ក្រុមគ្រួសាររបស់លោក ដើម្បីផ្តល់ជំនួយដល់ពួកគេ។

គួរបញ្ជាក់ថា ជារឿយៗ ក្រសួងការបរទេសអាមេរិក បានព្រមានថា ពលរដ្ឋអាមេរិកមិនគួរធ្វើដំណើរទៅអ៊ុយក្រែនទេ ដោយសារតែកតា្តជម្លោះ និងក្តីបារម្ភថារុស្ស៉ីអាចយក ពលរដ្ឋអាមេរិកធ្វើជាគោលដៅ ខណៈក្រសួងក៏បានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ុយក្រែនផងដែរ៕