(ញូវដេលី)៖ យ៉ាងហោចណាស់មនុស្ស ៥២នាក់បានស្លាប់នៅក្នុងគ្រោះរអិលបាក់ដី រន្ទះបាញ់ និងទឹកជំនន់ភ្លាមៗនៅទូទាំងប្រទេសឥណ្ឌា និងបង់ក្លាដែសក្នុងសប្តាហ៍មុន នេះបើយោងតាមមន្ត្រីនៃប្រទេសទាំងពីរ ចុះផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។

ភាគឦសាននៃប្រទេសឥណ្ឌា និងភាគខាងជើងប្រទេសបង់ក្លាដែសបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយអាកាសធាតុអាក្រក់ដែលបង្កឱ្យមានទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងតំបន់ក្នុងរយៈពេលជាច្រើនឆ្នាំ និងកាត់ផ្តាច់ចរាចរណ៍នៅក្នុងទីក្រុងមួយចំនួន។

យោងតាមលោក Nitish Kumar ប្រមុខរដ្ឋ Bihar បាននិយាយថា ការវាយប្រហារដោយរន្ទះបានសម្លាប់មនុស្ស ១៧នាក់នៅក្នុងរដ្ឋ Bihar ភាគឦសានប្រទេសឥណណ្ឌាកាលពីថ្ងៃសៅរ៍។

យោងតាមលោក Lyngdoh មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា នៅក្នុងរដ្ឋភាគខាងត្បូងនៃរដ្ឋ Meghalaya ដែលមានព្រំប្រទល់ជាប់ប្រទេសបង់ក្លាដែស មនុស្សយ៉ាងហោចណាស់ ២៤នាក់បានស្លាប់ និង០៣នាក់បានបាត់ខ្លួនចាប់តាំងពីថ្ងៃទី៩ ខែមិថុនា។

លោក Lyngdoh បានបន្ថែមថា មនុស្សជាង ៦៣៣,០០០នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ ហើយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ នឹងធ្វើការទម្លាក់ទំនិញសំខាន់ៗសម្រាប់ស្រុកមួយចំនួនដែលត្រូវបានកាត់ផ្តាច់ដោយផ្លូវ៕