(ឥណ្ឌា)៖ អាជ្ញាធរបង់ក្លាដែស និងឥណ្ឌាដែលរងគ្រោះដោយទឹកជំនន់ នៅថ្ងៃចន្ទនេះ បានប្រឹងប្រែងធ្វើការផ្ដល់ជំនួយ ដើម្បីជួយដល់ប្រជាជនជាង ៩លាននាក់ដែលជាប់ខ្លួនទៅណាមិនរួច បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្ដាហ៍ ដែលបានបង្កឱ្យមានគ្រោះទឹកជំនន់ និងនាំឱ្យមនុស្សយ៉ាងហោចណាស់ជាង ៥០-៦០នាក់ស្លាប់ នៅទូទាំងប្រទេសអាស៉ីខាងត្បូងទាំង២នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។

ព្យុះភ្លៀងមូសុង បានវាយប្រហារតំបន់ទំនាបនៃប្រទេសបង់ក្លាដែស បានបង្កឱ្យមានគ្រោះទឹកជំនន់ដ៏មហន្តរាយនៅក្នុងទីក្រុង ស៉ីលហេត (Sylhet) ភាគឦសាន។ ប្រជាជនមួយភាគបួននៃចំនួនប្រជាជនសរុប ១៥លាននាក់បាននិងកំពុងជាប់ខ្លួន ខណៈដែលទន្លេប្រាម៉ាពូត្រា (Brahmaputra) បានកើនឡើងទឹកយ៉ាងខ្លាំង និងធ្វើឱ្យអាជ្ញាធរមានការលំបាកក្នុងការផ្តល់ជំនួយ រួមមានទឹក ស្បៀងអាហារ និងសម្ភារៈវេជ្ជសាស្រ្តជាដើម។

លោក អាទីគុល ហាគូ (Atiqul Haque) ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសបង់ក្លាដែស បានគូសបញ្ជាក់ថា «ទឹកជំនន់នេះ គឺគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងរយៈពេល១២២ឆ្នាំចុងក្រោយ នៅក្នុងទីក្រុង Sylhet ភាគឦសាន»។ លោក ម៉ូហាំម៉ាត់ ម៉ូសារ៉ាហ្វ ហូសេន (Mohammad Mosharraf Hossain) ប្រធានផ្នែកគ្រប់គ្រងនៃទីក្រុង Sylhet បានគូសបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters តាមទូរស័ព្ទថា «ស្ថានភាពនៅតែគួរឱ្យព្រួយបារម្ភ។ យើងកំពុងពង្រឹងកិច្ចប្រឹងប្រែងរបស់យើង ក្នុងការផ្តល់សម្ភារៈសង្គ្រោះ។ នៅពេលនេះ បញ្ហាប្រឈមចម្បង គឺធ្វើយ៉ាងណាដើម្បីទៅឱ្យដល់មនុស្សគ្រប់គ្នា និងធានាឱ្យបាននូវទឹកស្អាតសម្រាប់ប្រើប្រាស់»

គួរបញ្ជាក់ថា ប្រទេសអាស៉ីខាងត្បូងទាំង២នេះ បានជួបប្រទះនឹងការកើនឡើងនៃបាតុភូតអាកាសធាតុអាក្រក់ៗ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្តាលឱ្យមានការខូចខាតទ្រង់ទ្រាយធំ ហើយក្រុមអ្នកបរិស្ថានបានព្រមានថា ការប្រែប្រួលអាកាសធាតុ អាចនាំឱ្យមានគ្រោះមហន្តរាយកាន់តែច្រើន ជាពិសេសនៅក្នុងប្រទេសបង់ក្លាដែស៕