(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃចន្ទនេះ បានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភា ដែលនេះអាចនឹងជះឥទ្ធិពលលើផែនការធ្វើកំណែទម្រង់អាណត្តិទី២ របស់លោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២។

លទ្ធផលបោះឆ្នោតសភា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានបង្ហាញឲ្យឃើញពីភាពចលាចលផ្នែកនយោបាយបារាំង និងភាពខ្វែងគំនិតគ្នា ក្នុងចំណោមសមាជិកសភាជាមួយលោក ម៉ាក្រុង។

គួរបញ្ជាក់ថា ក្រុមចម្រុះ «Together» របស់លោកម៉ាក្រុង នឹងនៅតែជាគណបក្សដ៏ធំបំផុតក្នុងសភា នាអាណត្តិទី២នេះ ជាមួយនឹងអាសនៈចំនួន ២៤៥។ ប៉ុន្តែគណបក្សនេះត្រូវការសំលេងគាំទ្រចំនួន ២៨៩ ក្នុងចំណោមសមាជិកសភាពចំនួន ៥៧៧នាក់ លើការធ្វើកំណែទម្រង់គោលនយោបាយនានារបស់ រដ្ឋាភិបាល៕