(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទសប្តាហ៍នេះ បានរំលឹកឡើងវិញថាបញ្ហាតៃវ៉ាន់ មានលក្ខណៈខុសគ្នាស្រឡះពីបញ្ហាអ៊ុយក្រែន ដោយបន្ថែមថា តៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន និងជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់ចិន ហើយក៏មិនអាចត្រូវបានលូកលាន់ពីបរទេសនោះដែរ។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មានចិន CGTN នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បានកត់សម្គាល់បែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅពេលដែលត្រូវបានសុំឲ្យធ្វើ ការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ហ្សេលេនស្គី ចំពោះសំណួរថាតើតៃវ៉ាន់គួរឆ្លើយតបបែបណា? ប្រសិនបើចិនប្រើចំណាត់ការដោយបង្ខំ ក្នុងករណីចាំបាច់។

លោក ហ្សេលេនស្គី នៅឯកិច្ចប្រជុំសន្តិសុខ សាងគ្រី-ឡា (Shangri-La) បានកត់សម្គាល់ដូច្នេះថា «សង្រ្គាមនៅអ៊ុយក្រែនថ្ងៃនេះ គឺជាគំរូសម្រាប់ពិភពលោក ទាំងមូល។ គ្មាននរណាទទួលបានផលប្រយោជន៍ពីសង្គ្រាមទេ ហើយប្រសិនបើមានច្រកចេញតាមផ្លូវការទូត យើងត្រូវប្រើវិធីការទូត។ ប៉ុន្តែនេះត្រូវតែជាវិធី ការពារទុកជាមុន មិនមែនត្រូវធ្វើឡើង ក្រោយសង្គ្រាមបានចាប់ផ្តើមរួចហើយនោះទេ»

ប៉ុន្តែ លោក វ៉ាង បានសង្កត់ធ្ងន់ថា «យើងបានកត់សម្គាល់ឃើញថា លោកប្រធានាធិបតី ហ្សេលេនស្គី មិនបាននិយាយចំឈ្មោះតៃវ៉ាន់ទេ តែផ្ទុយទៅវិញ ប្រព័ន្ធផ្សព្វផ្សាយទេ ដែលព្យាយាមទាញយកសួរសំណួរបញ្ចូលក្នុងបញ្ហានេះ ។

គួរបញ្ជាក់ថា បើតាមលោក វ៉ាង ចិននឹងចាត់វិធានការខ្លាំងក្លា ដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងការទាមទារ «ឯករាជ្យភាពសម្រាប់តៃវ៉ាន់» ឬការព្យាយាមបំបែក តៃវ៉ាន់ចេញពីប្រទេសចិន និងដើម្បីការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕