(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់មកពីកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ការបាញ់សាកល្បងមីស៉ីលរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ គឺជាការបង្កហេតុ «ធ្ងន់ធ្ងរ និងខុសច្បាប់» ហើយក្រុមមន្រ្តីប្រទេសទាំង៣ បានជំរុញឱ្យទីក្រុងព្យុងយ៉ាងវិលត្រឡប់ទៅរកតុចរចាវិញ ក៏ដូចជាព្រមទទួលយកការផ្តល់ជំនួយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០២២។

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ យ៉ុន ដុង (Cho Hyun-dong), អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី វិនឌី សឺមែន (Wendy Sherman) និងអនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក ថាកេអូ ម៉ូរី (Takeo Mori) បានធ្វើអត្ថាធិប្បាយ នៅពេលដែលពួកគេបានជួបជុំគ្នា នៅទីក្រុងសេអ៊ូល រយៈពេល ៣ថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៉ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៨គ្រាប់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើ គឺជាការជួបជុំលើកដំបូង គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកនេះ ដែលវាបានបង្ហាញពីភាពបន្ទាន់ និងភាពធ្ងន់ធ្ងរនៃការធ្វើតេស្តអាវុធកាន់តែខ្លាំងឡើងរបស់កូរ៉េខាងជើង។ មន្ត្រីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន បាននិយាយថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកដំបូងរបស់ខ្លួន គិតចាប់តាំងពីឆ្នាំ២០១៧មក ខណៈលោកស្រី Sherman បានព្រមានថា នឹងបង្កឱ្យមានការចាត់វិធានការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់៕