(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉ក (New York) លោកស្រី ខេធី ហូឈូល (Kathy Hochul) កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសបង្កើនអាយុសម្រាប់ការទិញកាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ (semiautomatic) ដោយស្របច្បាប់ពី ពី១៨ឆ្នាំទៅ ២១ឆ្នាំ ខណៈដែលលោកស្រីបានសម្រេចរឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើង បន្ទាប់ពីការសម្លាប់រង្គាលក្នុងករណីបាញ់ប្រហារ នៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង បាហ្វេឡូ (Buffalo)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២។

លោកស្រី Hochul បានអនុម័តកញ្ចប់ច្បាប់កំណែទម្រង់សិទ្ធិកាន់កាប់កាំភ្លើង ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភារដ្ឋ New York បន្ទាប់ពីមានការបាញ់ប្រហារដោយជនជាតិស្បែកសវ័យ ១៨ឆ្នាំម្នាក់កាលពីខែមុន ដែលបានសម្លាប់ជនជាតិស្បែកខ្មៅចំនួន ១០នាក់។ វិធានការនេះ បានកើតឡើងចំពេលមានករណីបាញ់សម្លាប់រង្គាលជាបន្តបន្ទាប់ នៅក្នុងសហរដ្ឋអាមេរិក ដែលបានបង្កឱ្យមានការអំពាវនាវជាថ្មី ដើម្បីធ្វើកំណែទម្រង់ច្បាប់កាន់កាប់កាំភ្លើង ឱ្យប្រសើរជាងមុន។

ជនស្បែកសវ័យ ១៨ឆ្នាំម្នាក់នោះ ត្រូវបានបង្ហាញអត្តសញ្ញាណថាមានឈ្មោះ ភេថុន ហ្កិនដ្រុន (Payton Gendron) ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី១ ដោយបានបាញ់ប្រហារអ្នកទិញទំនិញនៅផ្សារទំនើបឈ្មោះ ថប់ (Tops) ដោយប្រើកាំភ្លើងប្រភេទពាក់កណ្តាលស្វ័យប្រវត្តិ AR-15 ដែលជននោះបានទិញដោយស្របច្បាប់។

លោកស្រីអភិបាលរដ្ឋ បានគូសបញ្ជាក់នៅក្នុងពិធីចុះហត្ថលេខាលើច្បាប់ថ្មីខាងលើ នៅក្នុងទីក្រុងញូយ៉កថា «យើងមិនអាចបន្តរស់នៅបែបនេះបានទេ។ នេះគឺជាពេលវេលាដ៏សមរម្យមួយ សម្រាប់ប្រជាជននៅញូយ៉ក រួមទាំងប្រជាជននៅក្នុងទីក្រុង និងរដ្ឋផ្សេងទៀតទាំងអស់។ សូមធ្វើតាមអ្វីដែលយើងបានធ្វើនៅទីនេះ ក្នុងរដ្ឋញូយ៉ក។ ទីបំផុតយើងនឹងចាប់ផ្តើមនៅដើមដំបូង នៃចុងបញ្ចប់នៃការប្រើអំពើហិង្សាដោយកាំភ្លើង និងការសម្លាប់រង្គាលទាំងអស់ ដែលកើត ឡើងជារៀងរាល់ថ្ងៃ ក្នុងប្រទេសរបស់យើង»

គួរបញ្ជាក់ថា ទោះជាយ៉ាងណា នៅកន្លែងភាគច្រើនក្នុងរដ្ឋញូយ៉ក មនុស្សដែលតិចសូម្បីតែ១៦ឆ្នាំ គឺនឹងនៅតែត្រូវបានអនុញ្ញាត ឱ្យកាន់កាប់កាំភ្លើងវែងប្រភេទផ្សេងទៀត ព្រមទាំងកាំភ្លើងស្នប់ផងដែរ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក រដ្ឋញូយ៉ក នាពេលឥឡូវនេះ បានចូលរួមជាមួយរដ្ឋមួយចំនួន រួមទាំងរដ្ឋផ្លូរីដា (Florida), ហាវ៉ៃ (Hawaii), អ៉ីលីណយស៍ (Illinois), វើម៉ុនត៍ (Vermont) និងវ៉ាស៊ីនតោន (Washington) ដែលតម្រូវឱ្យអ្នកទិញមានអាយុយ៉ាងតិច ២១ឆ្នាំ ទើបអាចទិញប្រភេទកាំភ្លើងវែងមួយចំនួនបាន។ ច្បាប់ស្រដៀងគ្នានេះ ត្រូវបានស្នើឡើងនៅក្នុងរដ្ឋយូតាហ៍ (Utah) ផងដែរ។ រហូតមកទល់ពេលនេះ ការប្រើអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក បានសម្លាប់មនុស្សជាង ១៨,០០០នាក់ក្នុងឆ្នាំ២០២២ រួមទាំងការធ្វើអត្តឃាតជិត ១០,៣០០នាក់៕