(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

 

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះបានប្រកាសផ្ដល់ប្រព័ន្ធមីស៊ីល M270 ដល់អ៊ុយក្រែន ហើយដែលប្រព័ន្ធមីស៊ីលនេះអាចវាយប្រហារលើគោលដៅ ក្នុងចម្ងាយ ៨០គីឡូម៉ែត្រ ជាផ្នែកមួយនៃកិច្ចសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ក្នុងការពង្រឹងសមត្ថភាពទាហានអ៊ុយក្រែន ទប់ទល់នឹងទាហានរុស្ស៉ី។

២៖ អ្នកយកព័ត៌មានម្នាក់របស់ទូរទស្សន៍រដ្ឋរុស្ស៉ី បានរាយការណ៍ថា ឧត្តមសេនីយ៍រុស្ស៉ីម្នាក់ត្រូវបានសម្លាប់ នៅឯភាគខាងកើតប្រទេសអ៊ុយក្រែន ដែលនេះជាការបាត់បង់ឧត្ដមសេនីយ៍ដ៏សំខាន់ម្នាក់ទៀត និងទី១១ របស់ទីក្រុងមូស្គូ។

៣៖ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់សាកល្បងមីស៉ីលចំនួន ៨គ្រាប់ នៅព្រឹកថ្ងៃចន្ទ នេះ ចេញពីតំបន់ឆ្នេរសមុទ្រភាគខាងកើត បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងមីស៉ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៨គ្រាប់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ

៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol ) បាននិយាយនៅថ្ងៃចន្ទនេះថា កម្មវិធីមីស៉ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង បានឈានដល់កម្រិតមួយបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងពិភពលោកទាំងមូល។

៥៖ អវកាសយានិកចិន៣នាក់ទៀត បានធ្វើដំណើរឡើងទៅដល់ស្ថានីយអវកាសរបស់ចិនផ្ទាល់ ខណៈពួកគេជាអវកាសយានិកក្រុមទី៣ហើយ ដែលបានធ្វើយ៉ាងដូច្នោះ។

៦៖ ចិន នៅថ្ងៃចន្ទនេះបានព្រមានឱ្យប្រទេសអូស្ត្រាលី ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន បើពុំដូច្នោះទេ អាចនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីទីក្រុងកង់បេរ៉ា ចោទប្រកាន់ងថាយន្ដហោះចម្បាំងចិនមួយគ្រឿង បានហោះស្ទាក់យន្ដហោះឈ្លបយកការណ៍មួយគ្រឿងរបស់ខ្លួន ប្រកបដោយ គ្រោះថ្នាក់នៅឯតំបន់សមុទ្រចិនខាងត្បូង៕