(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) នឹងត្រូវប្រឈមមុខជាមួយ ការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅយប់ថ្ងៃចន្ទនេះ ចំពេលមានការមិនពេញចិត្តកាន់តែខ្លាំងឡើង ចំពោះការដឹកនាំរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។

ដើម្បីឱ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្តទៅបាន សមាជិកសភានៃគណបក្សអភិរក្សនិយម ១៥% ឬស្មើនឹង ៥៤នាក់ក្នុងចំណោម ៣៦០នាក់ នាពេលបច្ចុប្បន្ន ត្រូវតម្រូវឱ្យសរសេរលិខិតស្នើសុំផ្ញើទៅកាន់លោក ហ្ក្រាហាម ប្រេដឌី (Graham Brady) ជាប្រធានគណៈកម្មាធិការ ដែលទទួលបន្ទុកមើលការខុសត្រូវលើ ការដឹកនាំរបស់គណបក្ស។

នៅថ្ងៃចន្ទនេះ លោក Brady បានប្រកាសថា សំឡេងគាំទ្រឱ្យមានការបោះឆ្នោតដកសេចក្តីទុកចិត្ត គឺលើសពីចំនួនដែលតម្រូវហើយ។ ដូច្នេះ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃចន្ទនេះ ចន្លោះវេលាម៉ោង ៦៖០០នាទីល្ងាច និង ៨៖០០នាទីយប់ (ម៉ោងនៅទីក្រុងឡុងដ៍)។

ភ្លាមៗបន្ទាប់ពីដំណឹងនៃការបោះឆ្នោតដកសេចក្ដីទុកចិត្ត ត្រូវបានប្រកាស អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស ដោននីង ស្ទ្រីត (Downing Street) បានចេញសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតនៅយប់នេះ «គឺជាឱកាសមួយ ដើម្បីបញ្ចប់មន្ទិលសង្ស័យជាច្រើនខែកន្លងមក ហើយអនុញ្ញាតឱ្យរដ្ឋាភិបាល អាចធ្វើការកំណត់ឱ្យបានច្បាស់លាស់ និងបន្តធ្វើការទៅមុខទៀត ដើម្បីបំពេញតាមអាទិភាពនានារបស់ប្រជាជន»

សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា លោកនាយករដ្ឋមន្ត្រីស្វាគមន៍ ចំពោះឱកាសទទួលបានការវែកញែក នៅចំពោះមុខសមាជិកសភា ហើយ «នឹងរំលឹកពួកគេថា នៅពេលដែលពួកគេរួបរួមគ្នា និងផ្តោតលើបញ្ហាដែលមានសារៈសំខាន់ចំពោះប្រជាជន គឺវាមិនមានកម្លាំងនយោបាយណាផ្សេង ខ្លាំងជាងនេះទៀតទេ»។

គួរបញ្ជាក់ថា ប្រសិនបើលោក ចនសុន ឆ្លងផុតការបោះឆ្នោត, លោកនឹងទទួលបានការការពារ ពីការបោះឆ្នោតដកសេចក្ដីទុកចិត្តថ្មីទៀត សម្រាប់រយៈពេល ១២ខែខាងមុខ ប៉ុន្តែមានរបាយការណ៍ថា គោលការណ៍នេះ អាចត្រូវផ្លាស់ប្តូរ។ ប៉ុន្តែប្រសិនបើលោក ចនសុន ឆ្លងមិនផុតទេនោះ, លោកនឹងត្រូវបង្ខំចិត្តចុះចេញពីតំណែង ហើយការប្រកួតប្រជែងជ្រើសរើស មេដឹកនាំថ្មីរបស់គណបក្សអភិរក្សនិយមរបស់លោក នឹងចាប់ផ្តើម។ ក្នុងករណីនោះ លោក ចនសុន ក្នុងនាមជាមេដឹកនាំដែលត្រូវគេទម្លាក់ នឹងមិនទទួលបានការអនុញ្ញាតឱ្យឈរឈ្មោះឡើយ៕