(ហ្សាការតា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានឱ្យសញ្ញាពីទំនាក់ទំនងស៉ីជម្រៅ ជាមួយឥណ្ឌូណេស៉ី តាមរយៈការសន្យាបង្កើនកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្ម សន្តិសុខ និងបញ្ហាប្រែប្រួលអាកាសធាតុ កំលុងដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២។

ដោយបង្ហាញពីសារសំខាន់ នៃការធ្វើប្រាស្រ័យទាក់ទង ជាមួយឥណ្ឌូណេស៉ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតប្រចាំតំបន់អាស៉ីអាគ្នេយ៍ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានដឹកនាំគណៈប្រតិភូធុរកិច្ចយ៉ាងលេចធ្លោមួយ មកកាន់ប្រទេសជិតខាងខ្លួនមួយនេះ រួមជាមួយរដ្ឋមន្រ្តីការបរទេស លោកស្រី ផេននី វ៉ុង (Penny Wong) និងរដ្ឋមន្រ្តីពាណិជ្ជកម្ម លោក ដុន ហ្វារ៉ែល (Don Farrell)។

លោក Albanese បានគូសបញ្ជាក់ថាជាថ្មីអំពី ការសន្យាផ្តល់ថវិកាចំនួន៤៧០លានដុល្លារអូស្រ្តាលី (៣៣៨លានដុល្លារអាមេរិក) ក្នុងរយៈពេល៤ឆ្នាំ សម្រាប់ការអភិវឌ្ឍនៅឥណ្ឌូណេស៉ី និងនៅក្នុងតំបន់អាស៉ីអាគ្នេយ៍ ព្រមទាំងភាពជាដៃគូផ្នែកអាកាសធាតុនិង ហេដ្ឋារចនាសម្ព័ន្ធទំហំ ២០០លានដុល្លារអូស្រ្តាលី (១៤៤លាន ដុល្លារអាមេរិក) ហើយនិងការបង្កើតការិយាល័យអាស៉ីអាគ្នេយ៍ថ្មីមួយ នៅក្នុងក្រសួងការបរទេសរបស់ប្រទេសអូស្រ្តាលី។

គួរបញ្ជាក់ថា រដ្ឋាភិបាលអូស្រ្តាលីថ្មីរបស់លោក Albanese បានឱ្យសញ្ញាពីការផ្តល់ការយកចិត្តទុកដាក់ឱ្យខ្លាំងជាងមុន ទៅលើទំនាក់ទំនង ជាមួយនឹងតំបន់អាស៉ីអាគ្នេយ៍។ ទស្សនកិច្ចនៅឥណ្ឌូណេស៉ីនេះ គឺជាដំណើរបំពេញទស្សនកិច្ចទ្វេភាគីលើកដំបូងបំផុតរបស់លោក ចាប់តាំងរូបលោក បានក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសអូស្រ្តាលី កាលពីខែឧសភា។ ក្រៅពីបានជួបជាមួយប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ លោក Albanese ក៏នឹងជួបពិភាក្សាជាមួយ លោក លឹម ចុកហ៊ុយ (Lim Jock Hoi) អគ្គលេខាធិការអាស៊ានផងដែរ៕